បារាំងជំរុញ​ការ​ប្រើប្រាស់​កម្មវិធី​ផ្ញើសាររបស់ប្រទេសខ្លួន ក្រោយពីហាមឃាត់ WhatsApp និង Telegram សម្រាប់មន្ត្រីរាជការ (Video inside)

04-10-2025 10:18

(បរទេស)៖ ស្រប​ពេល​ដែល​ប្រទេស​បារាំង​បាន​ដាក់​បម្រាម​លើ​ការ​ប្រើប្រាស់​កម្មវិធី WhatsApp និង Telegram សម្រាប់​កិច្ចការ​ផ្លូវការ​របស់​មន្ត្រី​រាជការ ដោយ​តម្រូវ​ឱ្យ​ពួកគេ​ងាក​ទៅ​ប្រើប្រាស់​កម្មវិធី​ផ្ញើសារ​ជាតិ Tchap វិញ​នោះ ករណី​នេះ​បាន​ក្លាយ​ជា​មេរៀន​សំខាន់​មួយ​សម្រាប់​បណ្ដា​ប្រទេស​នានា ជាពិសេស​ក្នុង​ការ​ការពារ​សន្តិសុខ​ទិន្នន័យ និង​ជំរុញ​ឯករាជ្យភាព​បច្ចេកវិទ្យា។

តើអ្វីជាសារៈសំខាន់​នៃ​កម្មវិធី​ផ្ញើសារ​ជាតិ? គោលបំណង​ចម្បង​ក្នុង​ការ​ជំរុញ​នេះ គឺ​ផ្អែក​លើ​មូលហេតុ​សំខាន់ៗ​ដូច​ជា ទី១៖ សុវត្ថិភាព​ទិន្នន័យ​និង​ការ​ទំនាក់ទំនង​ផ្លូវការ៖ ធានា​ថា ​រាល់​ការ​ឆ្លើយឆ្លង​ផ្លូវការ​របស់​រដ្ឋាភិបាល ជាពិសេស​ព័ត៌មាន​រសើប ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​ ម៉ាស៊ីន​មេ​ក្នុង​ស្រុក (local servers) ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពេញលេញ​របស់​ស្ថាប័ន​ជាតិ។ នេះ​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​លួច​ចូល​ប្រើប្រាស់​ទិន្នន័យ​ដោយ​បរទេស ឬ​ការ​ចារកម្ម​តាម​អ៊ីនធឺណិត ដែល​ជា​ក្ដី​បារម្ភ​ធំ​ដូច​ករណី​បារាំង​ដែរ។ ទី២ អធិបតេយ្យភាព​បច្ចេកវិទ្យា៖ ការ​គាំទ្រ​កម្មវិធី​ជាតិ​មិន​ត្រឹម​តែ​ពង្រឹង​សមត្ថភាព​ផ្នែក​ឌីជីថល​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ ឯករាជ្យភាព​ឌីជីថល និង​កាត់បន្ថយ​ការពឹងផ្អែក​លើ​វេទិកា​បរទេស និងទី៣គឺ ការ​អនុលោម​តាម​ច្បាប់៖ កម្មវិធី​ជាតិ​អាច​ធានា​បាន​នូវ​ការ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​កម្ពុជា​បាន​យ៉ាង​ពេញលេញ។

សរុបមក ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​កម្មវិធី​ផ្ញើសារ​ជាតិ​ចំពោះ​មន្ត្រី​រាជការ គឺជា​ជំហាន​ចាំបាច់​មួយ​ដើម្បី​ធានា​ដល់​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មាន និង​ការពារ​ផលប្រយោជន៍​ជាតិ​នៅ​លើ​វិស័យ​ឌីជីថល។ រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ទាំងអស់​ផ្លាស់ប្តូរ​ទម្លាប់​ប្រើប្រាស់ និង​ចាប់​យក​បច្ចេកវិទ្យា​ក្នុង​ស្រុក​ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​សង្គម​ឌីជីថល​ដែល​មាន​សុវត្ថិភាព និង​ភាព​រឹងមាំ៕