លោក ត្រាំ ប្រាប់ឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើហ្កាហ្សា ថាហាម៉ាសត្រៀមខ្លួនជាស្រេចដើម្បីសន្តិភាព (Video inside)

04-10-2025 10:40

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី៣ ខែតុលា បានប្រាប់ឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់លើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសយល់ព្រមថា នឹងដោះលែងចំណាប់ខ្មាំង និងទទួលយកលក្ខខណ្ឌមួយចំនួនក្នុងផែនការសន្តិភាពហ្កាហ្សារបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលកំពុងត្រៀមលក្ខណៈអនុវត្តភ្លាមៗតាមដំណាក់កាលទី១នៃផែនការហ្កាហ្សារបស់លោក ត្រាំ បន្ទាប់ពីការឆ្លើយតបពីហាម៉ាស។ ព្រមពេលជាមួយគ្នា ប្រមុខយោធាអ៉ីស្រាអែលក៏បានណែនាំឱ្យកងកម្លាំងជំរុញការត្រៀមលក្ខណៈ ដើម្បីអនុវត្តតាមដំណាក់កាលទី១នៃផែនការរបស់លោក ប៉ុន្តែ មិនបានលើកឡើងថាតើវានឹងតម្រូវឱ្យមានការកាត់បន្ថយសកម្មភាពយោធាក្នុងតំបន់ហ្កាហ្សា ឬយ៉ាងណាឡើយ? ក្រុមហាម៉ាសកាលពីថ្ងៃសុក្រ បានឆ្លើយតបទៅនឹងផែនការសនិ្តភាព២០ចំណុចរបស់ លោក ត្រាំ ក្រោយលោក ត្រាំ បានទុកពេលឱ្យហាម៉ាសរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះទទួលយកផែនការរបស់លោក បើពុំដូច្នោះទេនឹងប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ។

លោក ត្រាំ ដែលបានចាត់ទុកខ្លួនឯងជាមនុស្សតែម្នាក់គត់ដែលអាចស្វែងរកសន្តិភាពសម្រាប់ហ្កាហ្សា បានវិនិយោគទុននយោបាយយ៉ាងធំ ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមដែលបានសម្លាប់ប្រជាជន ប៉ាឡេស្ទីនរាប់ម៉ឺននាក់ក្នុងពេលជិត ២ឆ្នាំមកនេះ។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «លោកជឿថាហាម៉ាសបានបង្ហាញថាពួកគេត្រៀមខ្លួនជាស្រេចចំពោះ សន្តិភាពយូរអង្វែង ហើយលោកបានបោះបាល់ទៅឱ្យអ៉ីស្រាអែលជាអ្នកសម្រេចវិញម្ដង ក្រោយរូបលោក និងលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu បានបោះបាល់ទៅឱ្យហាម៉ាស ជាអ្នកសម្រេចកាលពីសប្ដាហ៍មុន»។ លោក ត្រាំ បន្តទៀតថា «អ៉ីស្រាអែលត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់ ដូច្នេះទើបយើងអាចនាំចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងលឿន រហ័ស។ នេះមិនមែនដើម្បីតែហ្កាហ្សាទេ ប៉ុន្តែគឺដើម្បីសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា»

គួរបញ្ជាក់ថា ការិយាល័យលោក Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើការដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយលោក ត្រាំ និងក្រុមការងាររបស់លោកសំដៅឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាម ស្របទៅតាមគោលការណ៍ដែលអ៉ីស្រាអែលបានកំណត់ និងស្របទៅតាមចក្ខុវិស័យរបស់លោក ត្រាំ។ ប៉ុន្តែ ប្រជាជនប៉ាឡេស្ទីនបានរាយការណ៍ថារថក្រោះអ៉ីស្រាអែលបានផ្លោង គ្រាប់លើតំបន់ Talateeni ដែលប្រៀបដូចជាសសៃឈាមដ៏សំខាន់មួយនៃបេះដូងរបស់ទីក្រុងហ្កាហ្សា ក្រោយលោក ត្រាំ បញ្ជូនសារឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក។ មិនតែប៉ុណ្ណោះ អ៉ីស្រាអែលក៏ត្រូវបានរាយការណ៍ផងដែរថាបានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមហាម៉ាសចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយវាយប្រហារចំផ្ទះ ជាច្រើនខ្នងក្នុងតំបន់ Remal៕