សហរដ្ឋអាមេរិក សម្លាប់មនុស្ស៤នាក់ ក្នុងការវាយប្រហារថ្មីមួយលើទូកត្រូវបានចោទថាដឹកគ្រឿងញៀន ក្បែរវ៉េណេស៊ុយអេឡា

04-10-2025 12:01

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ៤នាក់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសថ្មីមួយលើទូកមួយគ្រឿងដែលត្រូវបានចោទថាដឹកគ្រឿងញៀនខុសច្បាប់នៅក្បែរដែនទឹកនៃប្រទេសវ៉េណេស៊ុយអេឡា។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះជាការវាយប្រហារលើកចុងក្រោយបំផុតមួយ និងជាលើកទី៤ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះនៅក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានឱ្យដឹងថាការវាយប្រហារកាលពីថ្ងៃសុក្រ ត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ហើយមនុស្សទាំងអស់ដែលត្រូវបាន សម្លាប់គឺជាមនុស្សប្រុស។ លោកបន្ថែមថាទូកខាងមានដឹកគ្រឿងញៀនក្នុងចំនួនដ៏ច្រើន ក្នុងគោលដៅឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ តែមិនបានលម្អិតថាជាប្រភេទគ្រឿងញៀនអ្វីទៅទេ។ «ការវាយប្រហារនេះ នឹងបន្តធ្វើឡើង រហូតទាល់តែការវាយប្រហារលើប្រជាជនអាមេរិកត្រូវបានបញ្ឈប់»។ នេះជាការគូសបញ្ជាក់របស់លោក Hegseth។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើកាលពីថ្ងៃសុក្រ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសសង្រ្គាមជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងឯកសារមួយជូនដំណឹងទៅកាន់សភាអាមេរិក ជាមួយការអះអាងពី ភាពស្របច្បាប់នៃសកម្មភាពយោធាអាមេរិកក្នុងការប្រយុទ្ធប្រឆាំងពួកឧក្រិដ្ឋជនគ្រឿងញៀននៅសមុទ្រ Caribbean បើទោះជាក្រុមអ្នកច្បាប់មួយចំនួននៅតែបន្តចោទសួរពីភាពស្របច្បាប់នៃប្រតិបតិ្តការនេះ ក៏ដោយ។ លោក ត្រាំ ថ្មីៗនេះបានលើកឡើងថារដ្ឋបាលរបស់លោកកំពុងពិចារណាបើកការវាយប្រហារលើពួកឧក្រិដ្ឋជនគ្រឿងញៀនក្នុងទឹកដីវ៉េណេស៊ុយអេឡាតែម្ដងដែលបើកើតឡើងពិតមែនអាចនឹងបង្កើន ហានិភ័យផ្ទុះជម្លោះប្រដាប់អាវុធ។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់ម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកកំពុងប្រើលេសប្រឆាំងឧក្រិដ្ឋជនគ្រឿងញៀនដើម្បីទម្លាក់រូបលោកចេញពីអំណាច។ ទីក្រុង វ៉ាស៊ីនតោន កាលពីខែសីហាកន្លងទៅ ថែមទាំងបានប្រកាសទៀតផងថានឹងផ្ដល់ប្រាក់រង្វាន់ ៥០លានដុល្លារសម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាដែលនាំទៅរកការចាប់ខ្លួនលោក Maduro ដោយចោទថា លោកមានទំនាក់ទំនងជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន និងការជួញដូរគ្រឿងញៀន។ តែលោក Maduro បានទាត់ចោលការចោទប្រកាន់បែបនេះ៕