លោកស្រី Sanae Takaichi ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រជប៉ុន មានប្រវតិ្តយ៉ាងដូចម្ដេច? (Video inside)

04-10-2025 14:29

(តូក្យូ)៖ លោកស្រី Sanae Takaichi បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចក្នុងប្រទេសជប៉ុន។ តាមរយៈជ័យជម្នះនេះបានធ្វើឱ្យលោកស្រីក្លាយជាប្រធានបក្ស LDP ជាស្ត្រីដំបូងបំផុត ហើយក៏នឹងត្រួសត្រាយផ្លូវឱ្យលោកស្រីឆ្ពោះទៅរកដំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សនៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ តាមលទ្ធផលបោះឆ្នោត លោកស្រី Takaichi ទទួលបានគាំទ្រ ១៨៥សំឡេង ខណៈលោក Koizumi ទទួលបានសំឡេង គាំទ្រ១៥៦សំឡេង បន្ទាប់ពីគូប្រជែង៣នាក់ផ្សេងទៀតរបស់អ្នកទាំង២ត្រូវបានជម្រុះក្នុងការបោះឆ្នោតជុំទី១។

គួរបញ្ជាក់ថា ជ័យជម្នះខាងលើត្រូវបានគេរំពឹងថានឹងត្រួសត្រាយផ្លូវឱ្យលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលនឹងត្រូវឡើងកាន់តំណែងជំនួសលោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបសជប៉ុនដោយរដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាខាងមុខ។

* តើលោកស្រី Takaichi មានប្រវត្តិយ៉ាងដូចម្ដេច?

លោកស្រី Sanae Takaichi កើតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៦១ ក្នុងខេត្ត Nara ប្រទេសជប៉ុន។ លោកស្រីមានឪពុកជាបុគ្គលិកក្រុមហ៊ុនមួយ និងមានម្ដាយបម្រើការនៅឯប៉ុស្តិ៍ប៉ូលិសក្នុងខេត្ត Nara។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មកពីសាកលវិទ្យាល័យ Kobe ហើយលោកស្រីក៏ជាអតីតនិស្សិតមកពីវិទ្យាស្ថាន Matsushita Institute of Government and Management ដែល ជាកន្លែងផលិតអ្នកនយោបាយល្បីៗក្នុងប្រទេសជប៉ុន។ នៅឆ្នាំ១៩៨៧ លោកស្រីបានបម្រើការងារនៅក្នុងការិយាល័យរបស់សមាជិកតំណាងរាស្ត្រអាមេរិកជាស្ត្រីម្នាក់ និងរហូតដល់ឆ្នាំ១៩៩៣ ទើបលោកស្រីជាប់ឆ្នោតជា តំណាងរាស្ត្រជប៉ុនជាលើកដំបូង និងបន្តជាប់ឆ្នោតដល់ទៅ៩ដង។ ក្នុងគណៈរដ្ឋមន្ត្រីអាណត្តិទី១របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ លោកស្រី Takaichi ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកលើខេត្ត Okinawa និងកិច្ចការដែនដីភាគខាងជើង ព្រមទាំងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ក្រោយមកទៀត លោកស្រីបានកាន់តំណែង២លើកក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ (ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០) ហើយកាន់តំណែងជាប្រធានក្រុមប្រឹក្សា ស្រាវជ្រាវគោលនយោបាយរបស់គណបក្ស LDP ដែលជាតំណែងដ៏សំខាន់មួយចំនួន២លើក។ រហូតដល់ក្រោមរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក Fumio Kishida ក្នុងឆ្នាំ២០២២ លោកស្រី Takaichi បានកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច។ អ្នកនយោបាយជើងចាស់ជាស្ត្រីរូបនេះបានរក្សាគម្លាតពីលោក Ishiba ដែលបានផ្ដួលលោកស្រីក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ និងបានបដិសេធទទួលយក តំណែងជាប្រធានក្រុមប្រឹក្សាទូទៅដែលជាតំណែងដ៏សំខាន់មួយដែរនៅក្នុងបក្ស។

លោកស្រីបានរៀបការជាមួយស្វាមីដែលជាអតីតសមាជិកតំណាងរាស្ត្រ លោក Taku Yamamoto។ អ្នកទាំង២បានរៀបការនឹងគ្នាក្នុងឆ្នាំ២០០៤ តែបានលែងលះគ្នានៅឆ្នាំ២០០៧ ដោយសារតែការខ្វែងគំនិតគ្នាលើ ជំហរនយោបាយរៀងៗខ្លួនរបស់អ្នកទាំង២។ ប៉ុន្តែអ្នកទាំង២បានផ្សះផ្សាទំនាក់ទំនងឡើងវិញ និងបានរៀបការជាមួយគ្នាម្ដងទៀតក្នុងឆ្នាំ២០២១។ លោកស្រី Takaichi ជាមនុស្សម្នាក់ដែលគាំទ្រយ៉ាងខ្លាំងដល់ គោលនយោបាយសេដ្ឋកិច្ច Abenomics របស់លោក Abe ហើយលោកស្រីក៏ជាមនុស្សម្នាក់ដែលយកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Margaret Thatcher ជានិមិត្តរូបផងដែរ។

និយាយពីគោលជំហរនយោបាយវិញ លោកស្រី Takaichi ជាអ្នកជាតិនិយម និងអភិរក្សនិយមម្នាក់។ លោកស្រីបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីឧក្រិដ្ឋកម្ម និងឥទ្ធិពលសេដ្ឋកិច្ចរបស់បរទេសក្នុងប្រទេសជប៉ុន ជាមួយការអំពាវនាវឱ្យមានការរឹតបន្តឹងច្បាប់ ជាការអំពាវនាវមួយត្រូវបានអ្នកជំនាញនិយាយថាជាការប៉ុនប៉ងដើម្បីប្រមូលការគាំទ្រពីអ្នកបោះឆ្នោតមកវិញ ដែលបានដកការគាំទ្រពីគណបក្ស LDP ទៅគាំទ្រគណបក្សជាតិនិយមថ្មីមួយមានទំនោរប្រឆាំងអន្តោប្រវេសន៍។ គោលជំហររបស់លោកស្រី នៅពេលខ្លះក៏បានបង្កជាភាពចម្រូងចម្រាសដែរ។ ជាក់ស្ដែង អំឡុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត លោកស្រី Takaichi បានលើកឡើងថាបើទោះជានៅក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក៏ដោយ ក៏លោកស្រីនឹងនៅតែបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្កការៈ Yasukuni ក្នុងទីក្រុងតូក្យូ ជាស្ដូបគោរពវិញ្ញាណក្ខន្ធមេទ័ពជប៉ុនដែលក្នុងនោះ មានទាំងអ្នកត្រូវបានកាត់ទោសថាជាឧក្រិដ្ឋជនសង្រ្គាម។ ការធ្វើទស្សនកិច្ចណាមួយដោយអតីត ឬនាយករដ្ឋមន្ត្រីជប៉ុនកំពុងកាន់អំណាចតែងតែធ្វើឱ្យកូរ៉េខាងត្បូង និងចិនថ្កោលទោស៕