Islamic Jihad ប៉ាឡេស្ទីន គាំទ្រការឆ្លើយតបរបស់ហាម៉ាស ទៅនឹងផែនការហ្កាហ្សារបស់លោក ត្រាំ (Video inside)

04-10-2025 15:58

(គែរ)៖ ក្រុម Islamic Jihad ប៉ាឡេស្ទីនដែលជាសម្ព័ន្ធមិត្តមួយរបស់ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទី៤ ខែតុលា បានបង្ហាញការគាំទ្រដល់ការឆ្លើយតបរបស់ហាម៉ាសទៅនឹងផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការគាំទ្ររបស់ក្រុម Islamic Jihad ត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំងដែលកំពុងស្ថិតក្នុងកណ្ដាលដៃរបស់ចលនាប្រដាប់អាវុធទាំង២នេះក្នុងតំបន់ហ្កាហ្សា។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុម Islamic Jihad បានគូសបញ្ជាក់ថា «ការឆ្លើយតបរបស់ក្រុមហាម៉ាសទៅនឹងផែនការរបស់លោក ត្រាំ តំណាងឱ្យគោលជំហររបស់ចលនាតស៊ូនានារបស់ប៉ាឡេស្ទីន ហើយ Islamic Jihad បានចូលរួមប្រកបដោយ ការទទួលខុសត្រូវក្នុងការប្រឹក្សាយោបល់នាំទៅរកការសម្រេចចិត្តនេះ»

គួរបញ្ជាកថា ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី៣ ខែតុលា បានប្រាប់ឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់លើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសយល់ព្រមថា នឹងដោះលែងចំណាប់ខ្មាំង និងទទួលយកលក្ខខណ្ឌមួយចំនួនក្នុងផែនការសន្តិភាពហ្កាហ្សារបស់លោកដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត២ឆ្នាំមកនេះ៕