យោធាអ៉ីស្រាអែល នៅតែបន្តវាយលុកលើទីក្រុងហ្កាហ្សា ទោះមានការជំរុញពីលោក ត្រាំ ឱ្យបញ្ឈប់ទម្លាក់គ្រាប់បែក
04-10-2025 16:51
(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៤ ខែតុលា បាននិយាយថាខ្លួននៅតែបន្តធ្វើប្រតិបត្តិការវាយលុកក្នុងទីក្រុងហ្កាហ្សា ជាមួយការព្រមានកុំឱ្យជនស៊ីវិលប៉ាឡេស្ទីន ត្រឡប់មកកាន់ទីក្រុងនេះវិញ បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយលុកលើតំបន់ហ្កាហ្សាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Avichay Adraee បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា « IDF (យោធាអ៉ីស្រាអែល នៅតែបន្តធ្វើ ប្រតិបត្តិការក្នុងទីក្រុងហ្កាហ្សា ដូច្នេះការត្រឡប់មកកាន់ទីក្រុងនេះគឺជារឿងគ្រោះថ្នាក់បំផុត។ ដើម្បីសុវត្ថិភាពរបស់ពួកអ្នក (ប្រជាជនប៉ាឡេស្ទីន) សូមកុំត្រឡប់ទៅកាន់ភាគខាងជើង ឬត្រឡប់ទៅកាន់តំបន់ដែលកងទ័ព IDF កំពុងធ្វើសកម្មភាពក្នុងនោះរួមមានទាំងភាគខាងត្បូងនៃតំបន់ហ្កាហ្សា»។
គួរបញ្ជាក់ថា ក្រុមហាម៉ាសបានយល់ព្រមថានឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់ នៅក្រោមផែនការសន្តិភាពរបស់លោក ត្រាំ ហើយលោក ត្រាំផ្ទាល់ក៏បានប្រាប់ឱ្យ អ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកជាបន្ទាន់លើតំបន់ហ្កាហ្សាផងដែរ៕