អ៊ុយក្រែន រាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លេីរថភ្លេីងដឹកអ្នកដំណេីរក្នុងតំបន់ Sumy
04-10-2025 18:42
(កៀវ)៖ នៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ក្រុមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា យន្តហោះដ្រូនរបស់រុស្ស៉ីបានវាយប្រហាររថភ្លើងដឹកអ្នកដំណើរនៅស្ថានីយ៍មួយ ក្នុងតំបន់ Sumy ភាគខាងជើងនៃប្រទេស បណ្តាលឱ្យមនុស្សជាច្រេីននាក់រងរបួស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ការវាយប្រហារដោយដ្រូនយ៉ាងព្រៃផ្សៃរបស់រុស្ស៉ី ទៅលើស្ថានីយ៍រថភ្លើងក្នុងទីក្រុង Shostka នៃតំបន់ Sumy បណ្តាលឱ្យឆេះទូរថភ្លេីងដែលមានអ្នកដំណើរនៅលេីនោះ។
អភិបាលតំបន់ Sumy លោក Oleh Hryhorov និយាយថា រថភ្លើងនេះធ្វើដំណើរពីទីក្រុង Shostka ទៅកាន់រដ្ឋធានីកៀវ។ គ្រូពេទ្យ និងក្រុមសង្គ្រោះកំពុងធ្វើការនៅកន្លែងកើតហេតុ។ បេីតាមប្រធានរដ្ឋបាលស្រុក មនុស្សប្រហែល ៣០នាក់បានរងរបួសនៅក្នុងការវាយប្រហារនោះ។
គួរបញ្ជាក់ថា រុស្ស៉ី បានបង្កើនការវាយប្រហារតាមផ្លូវអាកាស ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ុយក្រែន ដោយស្ទើរតែជារៀងរាល់ថ្ងៃក្នុងរយៈពេលពីរខែចុងក្រោយនេះ៕