ចិន លុបចោលជេីងហោះហេីរមួយចំនួន មុនការមកដល់នៃព្យុះទីហ្វុង Matmo ចំថ្ងៃឈប់សម្រាកបុណ្យជាតិ

04-10-2025 19:32

(ប៉េកាំង)៖ អាជ្ញាធរចិន សម្រេចថានឹងលុបចោលជើងហោះហើរ ក៏ដូចជាបិទអាជីវកម្ម​នានា​ នៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ខណៈព្យុះទីហ្វុង Matmo កំពុងឆ្ពោះមកកាន់ខេត្ត Hainan និង Guangdong ភាគខាងត្បូងប្រទេស អំឡុងពេលនៃការធ្វើដំណើរដ៏មមាញឹកក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ឧតុនិយមជាតិរបស់ប្រទេសចិន (NMC) បានឱ្យដឹងថា ព្យុះ Matmo អាចបោកបក់មកដល់ព្រឹកថ្ងៃអាទិត្យ ដែលស្ថិតក្នុងអំឡុងពេលវេលាឈប់សម្រាករយៈពេល ៨ថ្ងៃ ហេីយភ្ញៀវទេសចរក្នុងស្រុកជាច្រើនបានសម្រុកទៅកាន់កោះ​ Hainan។ Matmo ទំនងជាមានខ្យល់បក់ក្នុងល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua ជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិ Meilan ទីក្រុង Haikou ខេត្ត Hainan នឹងត្រូវលុបចោលចាប់ពីម៉ោង ១១យប់ថ្ងៃសៅរ៍។ ដំបូងឡេីយអាកាសយានដ្ឋាននេះរំពឹងថា នឹងទទួលអ្នកដំណើរបានជាង ៦៣២ ០០០នាក់ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា។ ទីក្រុង Haikou ក៏នឹងផ្អាកដំណេីរការសាលារៀន សេវាដឹកជញ្ជូនសាធារណៈ និងការសាងសង់នានា ចាប់ពីរសៀលថ្ងៃសៅរ៍នេះ ខណៈដែលអាជីវកម្មក៏នឹងត្រូវបិទផងដែរ។

ទាំងខេត្ត Hainan និង Guangdong ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រៀមលក្ខណៈដេីម្បីឆ្លើយតបនឹងព្យុះទីហ្វុង ដោយអាជ្ញាធរព្រមានថា នឹងមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ និងបំណាក់ដី។ ភ្លៀងធ្លាក់ក៏ត្រូវបានព្យាករណ៍នៅក្នុងខេត្ត Yunnan និង Guangxi ភាគខាងត្បូងនៃប្រទេសចិនផងដែរ៕