ឥណ្ឌា បេីកការស៉េីបអង្កេតលេីថ្នាំស៉ីរ៉ូក្អក ដែលអាចទាក់ទងនឹងការស្លាប់កុមារ ៩នាក់

04-10-2025 20:56

(ញូវដេលី)៖ អាជ្ញាធរឥណ្ឌា កំពុងស៉េីបអង្កេតទៅលេីថ្នាំស៉ីរ៉ូក្អកដែលអាចនាំឱ្យកុមារ ៩នាក់ស្លាប់នៅក្នុងរដ្ឋភាគកណ្តាល បន្ទាប់ពីថ្នាំមួយចំនួនត្រូវបានគេរកឃើញថា មានកម្រិតគ្រោះថ្នាក់ដោយសារធាតុគីមីពុល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ ២០២៥។

ក្រសួងសុខាភិបាលឥណ្ឌា បានឱ្យដឹងថា សំណាកថ្នាំ Coldrif Cough Syrup ផលិតដោយក្រុមហ៊ុន Sresan Pharma នៅរដ្ឋ Tamil Nadu ភាគខាងត្បូង ត្រូវបានយកមកធ្វើតេស្ត​ ហើយរកឃើញថាមានផ្ទុកសារធាតុ diethylene glycol (DEG) លើសកម្រិតអនុញ្ញាត។ DEG ដែលជាសារធាតុរំលាយជាតិពុលសម្រាប់ប្រេីក្នុងផលិតផលឧស្សាហកម្ម និងដែលត្រូវបានរកឃេីញពាក់ព័ន្ធនឹងករណីពុលធ្ងន់ធ្ងរនៅក្នុងប្រទេសមួយចំនួន។ ភ្លាមៗមិនទាន់មានការបកស្រាយពីក្រុមហ៊ុន Sresan Pharma នៅឡេីយទេ។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ការស្លាប់របស់កុមារ ៩នាក់នៅក្នុងរដ្ឋ Madhya Pradesh ថ្មីៗនេះ អាចទាក់ទងនឹងការផឹកថ្នាំស៉ីរ៉ូក្អក។ អាជ្ញាធរឥណ្ឌា បានចាប់ផ្តើមការត្រួតពិនិត្យក្រុមហ៊ុនផលិតថ្នាំចំនួន ១៩ នៅទូទាំងរដ្ឋចំនួន ៦ ដើម្បីកំណត់ពីការត្រួតពិនិត្យគុណភាព និងផ្តល់អនុសាសន៍ឱ្យមានការកែលម្អដើម្បីការពារឧប្បត្តិហេតុនាពេលអនាគត៕