រដ្ឋមន្រ្តីការបរទេសតាលីបង់ នឹងបំពេញទស្សនកិច្ចនៅឥណ្ឌា ក្នុងខែនេះ
04-10-2025 21:58
(កាប៊ុល)៖ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៤ ខែតុលាថា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាលតាលីបង់ នឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងខែនេះ ក្រោយគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកបម្រាមធ្វើដំណេីរជាបណ្តោះអាសន្ន។
ប្រសិនបេីមិនមានអ្វីប្រែប្រួលទេ លោក Amir Khan Muttaqi នឹងក្លាយជាមេដឹកនាំតាលីបង់ជាន់ខ្ពស់ដំបូងគេ ដែលទៅទស្សនកិច្ចនៅឥណ្ឌា ចាប់តាំងពីក្រុមតាលីបង់ត្រឡប់មកគ្រប់គ្រងអាហ្វហ្កានីស្ថានវិញ ក្នុងឆ្នាំ ២០២១។ គម្រោងធ្វេីទស្សនកិច្ចនេះនឹងកេីតមានឡេីង បន្ទាប់ពីលោកទៅចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងមូស្គូ នៅថ្ងៃទី៧ ខែតុលា ដែលរួមមានតំណាងមកពីចិន ឥណ្ឌា អ៉ីរ៉ង់ និងប្រទេសក្នុងតំបន់អាស៉ីកណ្តាលផ្សេងទៀត។
គួរបញ្ជាក់ថា គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានផ្តល់ការលើកលែងចំពោះការហាមឃាត់ការធ្វើដំណើរលើលោក Muttaqi ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យលោកទៅបំពេញទស្សនកិច្ចនៅទីក្រុង New Delhi ចន្លោះថ្ងៃទី៩ និង១៦ ខែតុលា៕