នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ប្តេជ្ញារំសាយអាវុធក្រុមហាម៉ាស តាមរយៈផែនការលោក ត្រាំ ឬប្រើកម្លាំងយោធា និងសង្ឃឹមថា អាចនាំចំណាប់ខ្មាំងនៅសល់ទាំងអស់មកវិញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ
05-10-2025 09:14
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រូបលោកប្តេជ្ញានឹងរំសាយអាវុធក្រុមហាម៉ាសឱ្យបាន គឺតាមរយៈផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬមួយក៏តាមមធ្យោបាយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Netanyahu បានលើកឡើងដូច្នេះថា «ក្រុមហាម៉ាស នឹងត្រូវរំសាយអាវុធ។ រឿងនោះនឹងកើតឡើងដោយមធ្យោបាយការទូត តាមរយៈផែនការរបស់លោក ត្រាំ ឬមួយក៏តាមមធ្យោបាយយោធារបស់ពួកយើងផ្ទាល់។ ខ្ញុំក៏បានប្រាប់បែបនេះទៅកាន់ទីក្រុងវ៉ាស៉ីនតោនដែរ គឺវានឹងត្រូវសម្រេចឱ្យបាន ពោលគឺតាមវិធីងាយស្រួល ឬក៏វិធីលំបាក ប៉ុន្តែវាមុខជានឹងកើតឡើង»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ចំណាប់ខ្មាំងសេសសល់ទាំងប៉ុន្មាន ដែលជាប់ឃុំនៅតំបន់ហ្កាហ្សា នឹងអាចត្រឡប់មកផ្ទះវិញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដោយលោកបានអះអាងថា សម្ពាធយោធានិងការទូត បានបង្ខំឱ្យហាម៉ាស យល់ព្រមដោះលែងពួកគេ។ អ៉ីស្រាអែលនិងហាម៉ាស គ្រោងបើកកិច្ចចរចាមិនដោយផ្ទាល់ ស្តីពីចំណាប់ខ្មាំងនៅហ្កាហ្សា នាថ្ងៃអាទិត្យ ទី៥ និងថ្ងៃចន្ទ ទី៦ ខែតុលា៕