បេសកជនអាមេរិក ធ្វើដំណើរឆ្ពោះទៅមជ្ឈិមបូព៌ា ខណៈលោក ត្រាំ ព្រមានហាម៉ាសប្រឆាំងការពន្យារពេលកិច្ចព្រមព្រៀងសន្តិភាព

05-10-2025 10:21

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា បេសកជនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញដំណើរឆ្ពោះទៅ​ប្រទេសអេហ្ស៉ីប ដើម្បីកំណត់ជាចុងក្រោយ នូវសេចក្តីលម្អិតសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ខណៈលោក ត្រាំ បានព្រមានថា នឹងមិនអត់ឱនដាច់ខាត ប្រសិនបើក្រុមហាម៉ាស អូសបន្លាយពេលអនុវត្តផែនការសន្តិភាព ជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មន្រ្តីសេតវិមានបានប្រាប់ថា កូនប្រសាលោក ត្រាំ គឺលោក Jared Kushner និងបេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Steve Witkoff កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីកំណត់ជាចុងក្រោយនូវសេចក្តីលម្អិត ពាក់ព័ន្ធការដោះលែងចំណាប់ខ្មាំង ហើយពិភាក្សាអំពីផែនការសន្តិភាព ដែលស្នើឡើងដោយលោក ត្រាំ ដើម្បីបិទបញ្ចប់ជម្លោះរវាង​អ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ហាម៉ាសបានឆ្លើយតបដោយវិជ្ជមានចំពោះផែនការរបស់លោក ត្រាំ ដែលនឹងបញ្ចប់សង្រ្គាមរយៈពេល​២ឆ្នាំមកនេះ ដោយនិយាយថា ខ្លួនត្រៀមជាស្រេចដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយជជែកគ្នាជុំវិញសេចក្តីលម្អិតស្តីពី​ផែនការសន្តិភាពរបស់លោក៕