តួលេខអ្នកស្លាប់កើនដល់៣៧នាក់ និង២៦នាក់បន្តបាត់ខ្លួន ក្នុងករណីបាក់ស្រុតអគារសាលារៀន នៅប្រទេសឥណ្ឌូណេស៉ី

05-10-2025 13:26

(ហ្សាការតា)៖ នាថ្ងៃអាទិត្យ ទី៥ ខែតុលា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត បានបន្តកើនដល់​៣៧នាក់ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីដើមសប្តាហ៍ ខណៈក្រុមសង្រ្គោះបន្តទាញយកសាកសពជនរងគ្រោះចេញពីក្រោម​គំនរអគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មន្រ្តីទីភ្នាក់ងាររុករកនិងសង្រ្គោះ លោក Yudhi Bramantyo បាននិយាយថា គិតមកទល់ព្រឹកថ្ងៃអាទិត្យនេះ មនុស្ស១០៤នាក់ ដែលស្ថិតក្នុងឧបទ្ទវហេតុខាងលើ ត្រូវបានជួយសង្រ្គោះដោយមានសុវត្ថិភាព ខណៈ៣៧នាក់បានស្លាប់ ហើយ២៦នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា អគារសាលារៀននោះ ដែលជាសាលាអ៉ីស្លាម និងមានច្រើនជាន់ ស្រាប់តែបានបាក់ស្រុតភ្លាមៗ កាលពីថ្ងៃចន្ទ ស្របពេលដែលសិស្សកំពុងជួបជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ៕