ព្យុះទីហ្វុង Matmo កើនឡើងថាមពល ជំរុញឱ្យចិនជម្លៀសមនុស្សប្រមាណ១៥០ ០០០នាក់ មុនវាបោកបក់ទៅដល់
05-10-2025 14:13
(ប៉េកាំង)៖ ព្យុះទីហ្វុង Matmo បានកើនឡើងឥទ្ធិពលថែមទៀត មុនត្រូវបោកបក់ទៅដល់ប្រទេសចិន នាថ្ងៃអាទិត្យនេះ ជាហេតុនាំឱ្យអាជ្ញាធរចិនជម្លៀសមនុស្សសរុបប្រមាណ ១៥០ ០០០នាក់ ចេញពីខេត្ត Guangdong នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥។
ទីភ្នាក់ងារជាតិឧតុនិយមរបស់ប្រទេសចិន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ព្យុះខាងលើមានកម្លាំងខ្យល់បក់អតិបរមារហូតដល់ ១៥១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានរំពឹងថា នឹងបោកបក់មកដល់ឆ្នេររបស់ចិន នៅអំឡុងវេលារសៀល។ កម្រិតប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត ត្រូវបានដាក់ចេញសម្រាប់ព្យុះទីហ្វុងនេះ។
ខេត្ត Hainan ដែលស្ថិតក្នងគន្លងផ្លូវរបស់ព្យុះទីហ្វុង Matmo ដែរនោះ បានលុបចោលជើងហោះហើរ និងបិទសេវាដឹកជញ្ជូនសាធារណៈ ព្រមទាំងអាជីវកម្មនានា ចាប់តាំងតែពីថ្ងៃសៅរ៍ ដើម្បីត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះនេះ។ ចំណែក ខេត្ត Guangdong ដែលតំបន់ភាគនិរតីនឹងត្រូវរងការវាយប្រហារចំ បានជម្លៀសមនុស្សចំនួន១៥១ ០០០នាក់ ដើម្បីបង្ការ។
គួរបញ្ជាក់ថា អាជ្ញាធរបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ជាមួយកម្រិតទឹកភ្លៀងត្រូវបានរំពឹងថា នឹងធ្លាក់ចន្លោះពី១០០ ទៅ២៤៩មីលីម៉ែត្រ នៅតាមកន្លែងមួយចំនួន។ បន្ទាប់ពីព្យុះ Matmo បោកបក់មកដល់ វាត្រូវបានព្យាករថានឹងបន្តឆ្ពោះទៅទិសខាងលិច សំដៅរកខេត្ត Yunnan និងភាគខាងជើងប្រទេសវៀតណាម៕