លោក ត្រាំ ចាត់ឱ្យបញ្ជូនកងកម្លាំងឆ្មាំជាតិ៣០០នាក់ ទៅទីក្រុង Chicago ស្របពេលចៅក្រមសហព័ន្ធ រារាំងការដាក់ពង្រាយទៅកាន់ទីក្រុង Portland
05-10-2025 15:31
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ឱ្យបញ្ជូនកងកម្លាំងឆ្មាំជាតិទៅកាន់ទីក្រុង Chicago នៃរដ្ឋ Illinois ស្របពេលដែលចៅក្រមសហព័ន្ធ បានរារាំងការប៉ុនប៉ងរបស់លោក ក្នុងការបញ្ជូនកងទ័ពទៅទីក្រុង Portland នៃរដ្ឋ Oregon ដែលជាទីក្រុងមួយផ្សេងទៀត គ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យសេតវិមាន បានប្រាប់ថា លោកប្រធានាធិបតី បានចាត់ឱ្យបញ្ជូនឆ្មាំជាតិចំនួន៣០០នាក់ ដើម្បីទៅការពារសុវត្ថិភាពមន្រ្តី និងទ្រព្យសម្បត្តិរបស់ស្ថាប័នសហព័ន្ធ នៅឯទីក្រុង Chicago ដោយលោកនឹងមិនព្រងើយកន្តើយដាច់ខាត ចំពោះភាពអនាធិបតេយ្យ ដែលកំពុងយាយីទីក្រុងអាមេរិក។ ក្រសួងមហាផ្ទៃអាមេរិក បានអះអាងថា កាលពីថ្ងៃសៅរ៍ មន្រ្តីល្បាតព្រំដែនអាមេរិកម្នាក់ បានប្រើកាំភ្លើងបាញ់ទៅលើស្រ្តីម្នាក់ដែលប្រដាប់ដោយអាវុធ នៅទីក្រុង Chicago ខណៈក្រុមបាតុករជាច្រើននាក់ បានប្រឈមមុខគ្នាជាមួយក្រុមភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ។
កាលពីថ្ងៃសៅរ៍ដដែល ចៅក្រមសហព័ន្ធម្នាក់ បានសម្រេចរារាំងបញ្ជារបស់លោក ត្រាំ ជាបណ្តោះអាសន្ន ក្នុងការបញ្ជូនកងទ័ពឆ្មាំជាតិ២០០នាក់ ទៅកាន់ទីក្រុង Portland ស្របពេលដែលពាក្យបណ្តឹងប្រឆាំងចំណាត់ការនេះ កំពុងតែដំណើរការ។ Portland និង Chicago គឺជាគោលដៅថ្មី២ចុងក្រោយ នៃការដាក់ពង្រាយឆ្មាំជាតិដោយរដ្ឋបាលលោក ត្រាំ បន្ទាប់ពីការដាក់ពង្រាយទៅកាន់ទីក្រុង Los Angeles និងរដ្ឋធានីវ៉ាស៉ីនតោន។
គួរបញ្ជាក់ថា ចំណាត់ការបង្រ្កាបឧក្រិដ្ឋកម្ម និងអន្តោប្រវេសន៍ខុសច្បាប់ ដោយមានការដាក់ពង្រាយកម្លាំងយោធារបស់រដ្ឋបាលលោក ត្រាំ ត្រូវបានបក្សប្រជាធិបតេយ្យ ចោទប្រកាន់ថា ជាសកម្មភាពប្រើប្រាស់អំណាចបែបផ្តាច់ការ៕