ភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្សយ៉ាងហោច៤៧នាក់ នៅនេប៉ាល់

05-10-2025 16:21

(កដ្ឋមណ្ឌូ)៖ នាថ្ងៃអាទិត្យ ទី៥ ខែតុលា អាជ្ញាធរនៅប្រទេសនេប៉ាល់ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះបំណាក់ដី និងទឹកជំនន់ភ្លាមៗ ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤៧នាក់ ព្រមទាំងធ្វើឱ្យរាំងស្ទះផ្លូវ និងកាត់ផ្តាច់ស្ពាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត ៣៥នាក់បានស្លាប់ក្នុងគ្រោះរអិលបាក់ដីដាច់ដោយឡែកពីគ្នា នៅស្រុក Ilam ភាគខាងកើតប្រទេសជាប់ព្រំប្រទល់​ជាមួយប្រទេសឥណ្ឌា។ រីឯនៅតំបន់ដទៃទៀត មនុស្ស៣នាក់បានស្លាប់ ដោយសារបាតុភូតរន្ទះបាញ់ និង៩នាក់ ត្រូវបានទឹកជំនន់ហូរនាំយកទៅ ហើយបាត់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍ ដោយមានសង្ឃឹមតិចតួចថា ពួកគេទាំងនោះនៅមានជីវិត។

គួរបញ្ជាក់ថា ផ្លូវហាយវ៉េជាច្រើនខ្សែ ត្រូវបានរាំងស្ទះដោយសារបំណាក់ដី ហើយស្ពានមួយចំនួនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ជាហេតុនាំឱ្យអ្នកដំណើររាប់រយនាក់ ជាប់គាំងទៅណាពុំរួច។ ក្នុងមួយឆ្នាំៗ មនុស្សរាប់រយនាក់តែងបាត់បង់ជីវិត ដោយសារទឹកជំនន់​និងគ្រោះរអិលបាក់ ដែលកើតមានជាញឹកញាប់ នៅក្នុងប្រទេសនេប៉ាល់ ដែលភាគច្រើនពោរពេញដោយតំបន់ភ្នំ នៅអំឡុងរដូវភ្លៀង ដែលជាធម្មតាចាប់ផ្តើមពីខែមិថុនា រហូតដល់ខែកញ្ញា ឬតុលា៕