លោក ពូទីន៖ បើអាមេរិកផ្គត់ផ្គង់មីស៉ីលចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន នោះវានឹងបំផ្លាញទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៉ីនតោន

05-10-2025 16:55

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានតែផ្គត់ផ្គង់មីស៉ីលចម្ងាយឆ្ងាយ Tomahawk តាមការចង់បានរបស់អ៊ុយក្រែន ដើម្បីយកមកវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី នោះវានឹងនាំទៅរកការបំផ្លិចបំផ្លាញ​នៃទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយទីក្រុងវ៉ាស៉ីនតោនមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥។

រយៈពេលតិចជាង២ខែ ក្រោយជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក ពូទីន នៅរដ្ឋ Alaska លទ្ធភាពនៃការសម្រេចបានសន្តិភាពនៅអ៊ុយក្រែន គឺកាន់តែស្ថិតឆ្ងាយខ្លាំងថែមទៀត ដោយលោក ត្រាំ បានបង្ហាញការខកបំណង​​ជាមួយលោក ពូទីន ដែលមិនព្រមទទួលយកសន្តិភាព ហើយបានហៅរុស្ស៉ីថា ជាខ្លាក្រដាស ខណៈកាលពីសប្តាហ៍មុន លោក ពូទីន បាននិយាយបកទៅវិញថា អង្គការ NATO ទៅវិញទេ គឺជាខ្លាក្រដាស ព្រោះមិនអាចទប់ស្កាត់រុស្ស៉ី។

កាលពីខែកញ្ញាកន្លងទៅ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន កំពុងពិចារណា​សំណើរបស់អ៊ុយក្រែន ដែលចង់បានមីស៉ីលចម្ងាយឆ្ងាយ Tomahawk ដើម្បីយកទៅប្រើវាយប្រហារចូលជ្រៅលើទឹកដីរុស្ស៉ី ក្នុងនោះរួមទាំងរដ្ឋធានីមូស្គូ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ច្បាស់នៅឡើយទេថា អាមេរិកបានធ្វើការសម្រេចចិត្តចុងក្រោយ ឬនៅ។

ថ្លែងក្នុងវីដេអូឃ្លីបមួយចេញផ្សាយនាថ្ងៃអាទិត្យនេះ ដោយភ្នាក់ងារទូរទស្សន៍រដ្ឋរុស្ស៉ី លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «ការផ្តល់មីស៉ីល Tomahawk នឹងនាំទៅរកការបំផ្លិចបំផ្លាញ នៃទំនាក់ទំនងរបស់ពួកយើង (រុស្ស៉ី-អាមេរិក)»។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកប្រធានាធិបតីរុស្ស៉ី ក៏បានលើកឡើងដែរថា វាមិនអាចទៅរួចនោះទេ ក្នុងការប្រើប្រាស់​មីស៉ីល Tomahawk ដោយគ្មានការចូលរួមពាក់ព័ន្ធផ្ទាល់ពីយោធាអាមេរិក ដូច្នេះហើយការផ្គត់ផ្គង់មីស៉ីលនេះឱ្យទៅអ៊ុយក្រែន នឹងបង្កើនភាពតានតឹងដំណាក់កាលថ្មីមួយទៀត។

គួរបញ្ជាក់ថា មីស៉ីលគ្រូស Tomahawk មានសមត្ថភាពវាយប្រហារបានរយៈចម្ងាយ ២៥០០គីឡូម៉ែត្រ ដែលមានន័យថា ប្រសិនបើអ៊ុយក្រែនទទួលបានមីស៉ីលនេះ វិមានក្រឹមឡាំងនិងទឹកដីរបស់រុស្ស៉ីទាំងអស់ ដែលស្ថិតក្នុងតំបន់អឺរ៉ុប នឹងក្លាយជា​គោលដៅ ដែលទីក្រុងកៀវអាចវាយប្រហារបាន៕