មនុស្សជិត ១,០០០នាក់ ជាប់គាំងនៅលើភ្នំ Everest ត្រើយខាងទីបេ ដោយសារព្យុះព្រិល

05-10-2025 18:40

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការនៅថ្ងៃអាទិត្យនេះ ដើម្បីឈូសឆាយផ្លូវចូលទៅកាន់ជំរំនៅលើជម្រាលភ្នំ Everest ត្រើយខាងកើតនៃតំបន់ទីបេ ជាទីដែលមនុស្សជិត ១,០០០នាក់ត្រូវបានជាប់គាំង ដោយសារព្យុះព្រិលដែលបានបិទផ្លូវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីរាយការណ៍មួយ នៅក្នុងកាសែត Jimu News អ្នកភូមិក្នុងតំបន់រាប់រយនាក់ និងក្រុមជួយសង្គ្រោះត្រូវបានដាក់ពង្រាយ ដើម្បីជួយឈូសឆាយព្រិលដែលបិទផ្លូវចូលទៅកាន់តំបន់នោះ ដែលស្ថិតនៅរយៈកម្ពស់ជាង ៤,៩០០ម៉ែត្រ (១៦,០០០ហ្វីត)។ សេចក្តីរាយការណ៍បានបន្ថែមថា អ្នកទេសចរមួយចំនួននៅលើភ្នំត្រូវបានគេនាំចុះមកក្រោមរួចហើយ។

ការធ្លាក់ព្រិលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រ ហើយបានបន្តពេញមួយថ្ងៃសៅរ៍ ដែលនាំឱ្យមានការផ្អាកការលក់សំបុត្រ និងការចូលទៅកាន់តំបន់ទេសភាព Everest ចាប់តាំងពីចុងថ្ងៃសៅរ៍។

គួរបញ្ជាក់ថា នៅត្រើយម្ខាងនៃព្រំដែន ក្នុងប្រទេសនេប៉ាល់ មនុស្ស ៤៧នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗចាប់តាំងពីថ្ងៃសុក្រ៕