អ៉ីស្រាអែលបន្តវាយប្រហារហ្កាហ្សា ខណៈប្រជាពលរដ្ឋប៉ាឡេស្ទីនដាក់ក្តីសង្ឈឹមលើផែនការសន្តិភាពរបស់លោក ត្រាំ
05-10-2025 19:33
(ហ្កាហ្សា)៖ ក្រុមសាក្សីបាននិយាយថា យន្តហោះ និងរថក្រោះអ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ផ្សេងៗទូទាំងតំបន់ហ្កាហ្សា ពេញមួយយប់ និងនៅថ្ងៃអាទិត្យ ដោយបំផ្លិចអគារលំនៅដ្ឋានជាច្រើនខ្នង ខណៈដែលប្រជាពលរដ្ឋប៉ាឡេស្ទីនសង្ឃឹមថា ផែនការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនឹងជួយកាត់បន្ថយទុក្ខសោករបស់ពួកគេនៅពេលឆាប់ៗ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែក បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលបានយល់ព្រមលើ «ខ្សែដកទ័ពដំបូង» មួយនៅក្នុងហ្កាហ្សា។ ទោះបីជាយ៉ាងណា អ៊ីស្រាអែលនៅតែរក្សាសម្ពាធយោធានៅហ្កាហ្សា ខណៈដែលអេហ្ស៊ីបត្រៀមធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍គណៈប្រតិភូពីហាម៉ាស អ៊ីស្រាអែល សហរដ្ឋអាមេរិក និងកាតា ដើម្បីចាប់ផ្តើមការចរចា។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់កាលពីថ្ងៃអាទិត្យ។ លោក សាឌី ម៉ាន់សួរ ដែលកូនប្រុសវ័យ៦ឆ្នាំរបស់លោកត្រូវបានសម្លាប់ បានសួរទាំងឈឺចាប់ថា «តើគាត់ជាម្ចាស់សង្គ្រាមមែនទេ? គោលដៅទាំងអស់របស់កងទ័ពអ៊ីស្រាអែលគឺកុមារ»៕