ស្លាប់ ៥នាក់, របួស ១០នាក់ ក្នុងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន
05-10-2025 20:23
(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ីពេញមួយយប់ ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។
ថ្លែងនៅលើបណ្ដាញសង្គម លោកប្រធានាធិបតីបានសរសេរថា ការវាយប្រហារនេះប្រើប្រាស់ដ្រូនប្រយុទ្ធប្រហែល ៥០០គ្រឿង និងមីស៊ីលជាង ៥០គ្រាប់ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal និងមីស៊ីលគ្រូសផងដែរ។ លោកបានបន្ថែមថា តំបន់ចំនួនប្រាំបួននៅភាគខាងលិច ខាងត្បូង ខាងជើង ខាងកើត និងកណ្តាលអ៊ុយក្រែន ត្រូវបានកំណត់ជាគោលដៅ។
នៅក្នុងតំបន់ Lviv ភាគខាងលិច ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់បានឱ្យដឹងថា សមាជិកគ្រួសារមួយបានស្លាប់ចំនួនបួននាក់ ក្នុងនោះមានក្មេងជំទង់អាយុ ១៥ឆ្នាំម្នាក់។ ហេតុការណ៍នេះត្រូវបានពិពណ៌នាថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើតំបន់នេះចាប់តាំងពីជម្លោះបានចាប់ផ្តើមមក ដោយបានបំផ្លាញទីតាំងឧស្សាហកម្ម និងថាមពលជាច្រើន។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអាទិត្យបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនពិតជាបានធ្វើការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់លើទីតាំងឧស្សាហកម្ម-យោធារបស់អ៊ុយក្រែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងថាមពលរបស់អ៊ុយក្រែនផងដែរ៕