រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់អាមេរិក លើនាវាសង្ស័យដឹកគ្រឿងញៀននៅក្បែរវ៉េណេស៊ុយអេឡា (Video inside)
05-10-2025 23:01
(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអាទិត្យ បានរិះគន់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើនាវាមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថាបានដឹកគ្រឿងញៀនខុសច្បាប់ នៅឆ្នេរសមុទ្រនៃប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីវ៉េណេស៊ុយអេឡា លោក Lavrov បាននិយាយថា ទីក្រុងម៉ូស្គូថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋមន្ត្រីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោននៅសមុទ្រការ៉ាប៊ី ដែលអាចមានផលវិបាកយ៉ាងធំធេងសម្រាប់តំបន់»។
គួរបញ្ជាក់ថា មនុស្សបួននាក់បានស្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃទី៣ ខែតុលា លើនាវានោះ ដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា បានដឹកជញ្ជូន «គ្រឿងញៀនក្នុងបរិមាណច្រើន ក្នុងគោលដៅទៅបំពុលប្រជាជនអាមេរិក»៕