លោក ត្រាំ ថាសំណើរបស់លោក ពូទីន ស្ដីពីអាវុធនុយក្លេអ៊ែរ ស្ដាប់មើលទៅជាគំនិតល្អ (Video inside)
06-10-2025 08:54
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី៥ ខែតុលា បាននិយាយថាសំណើរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន លើការរឹតត្បិត ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ស្ដាប់មើលទៅជាគំំនិតល្អ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន កាលពីខែកញ្ញាកន្លងទៅ បានលើកឡើងពីសំណើដាក់កំហិតលើទំហំឃ្លាំងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៉ីដែលជាមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំង២ នៅលើពិភពលោក ដូចដែលបានកំណត់នៅក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ New START ឆ្នាំ២០១០ ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមធ្វើដូចគ្នានេះ។ សន្ធិសញ្ញា New START គ្រោងនឹងអស់សុពលភាពនៅខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈចាកចេញពីសេតវិមាននៅពេលត្រូវបានសាកសួរអំពីសំណើរបស់លោក ពូទីន លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីថា «ស្ដាប់មើលទៅ វាជាគំនិតល្អ សម្រាប់ខ្ញុំ»។
គួរបញ្ជាក់ថា ក្នុងនៅថ្ងៃអាទិត្យនោះដែរ លោក ពូទីន ក៏បានព្រមានផងដែរថាការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាមេរិកដោយផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅឱ្យអ៊ុយក្រែនប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី នឹងបំផ្លាញទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន៕