លោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពជើងទឹកកូរ៉េខាងជើង ប្រុងជើងការជានិច្ចទប់ទល់នឹងការបង្ករឿងណាមួយពីសត្រូវ

06-10-2025 09:12

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon នៅឯពិព័រណ៍យោធាមួយកាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា ជាមួយការក្រើនរំឮកឱ្យ កងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការជាប់ជានិច្ចដើម្បីកំញើញ ឬទប់ស្កាត់ និងវាយបកលើការបង្ករឿងពីសត្រូវ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៦ ខែតុលា បានរាយការណ៍ថាពិព័រណ៍អភិវឌ្ឍវិស័យការពារជាតិប្រចាំឆ្នាំត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ នៃការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងជើង។ ក្រុមអ្នកវិភាគបាននិយាយថាគេមិនទាន់ដឹងច្បាស់ថាតើពេលណា ទើបនាវាពិឃាដ Choe Hyon ត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការជាផ្លូវការនោះទេ។ តែ SI Analytics ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងដោយផ្អែកលើរូបភាពផ្កាយរណបកាលពីខែកញ្ញាថាកូរ៉េខាងជើងបានបញ្ចប់ការដំឡើងគ្រឿងម៉ាស៊ីនលើនាវា SI Choe Hyon និងបានព្យាករថានាវាពិឃាដនេះអាចនឹងធ្វើតេស្ដសាកល្បងនៅឯសមុទ្រក្នុងពេលឆាប់ៗ ឬអាចក្នុងខែតុលានេះ។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ នាវាពិឃាដ Choe Hyon បានក្រឡាប់លិចមួយផ្នែកអំឡុងពិធីសម្ពោធមួយក្រោមការចូលរួមដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលបានចាត់ទុកកំហុសនេះ ជាបទល្មើសព្រហ្មទណ្ឌ៕