អ៉ីតាលី ស្នើអាមេរិកពិចារណាឡើងវិញ ទាក់ទងនឹងការយកពន្ធបន្ថែមលើ Pasta (Video inside)
06-10-2025 11:52
(រ៉ូម)៖ ក្រសួងការបរទេសអ៉ីតាលី បានឱ្យដឹងថា ទីក្រុងរ៉ូម កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាការអឺរ៉ុប ដើម្បីឱ្យជំរុញសហរដ្ឋអាមេរិកពិចារណាឡើងវិញ នូវពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូល Pasta ដែលនឹងធ្វើឱ្យ Pasta ឡើងថ្លៃទ្វេដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ ២០២៥។
ការសម្រេចដាក់ពន្ធបន្ថែមចំនួន ៩១.៧៤ភាគរយ កើតចេញបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក រកឃើញថាក្រុមអ្នកផលិតធំៗរបស់អ៉ីតាលី បានលក់ Pasta ក្នុងតម្លៃទាបពេកដែលមិនយុត្តិធម៌ នៅចន្លោះខែកក្កដាឆ្នាំ ២០២៣ ដល់ខែមិថុនា ២០២៤។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៉ីតាលី បានជំទាស់ទៅនឹងការរកឃើញ និងដាក់ពន្ធបន្ថែមថ្មីនេះ ហើយថាកំពុងជួយដល់ក្រុមហ៊ុនការពារសិទ្ធិពួកគេ តាមរយៈស្ថានទូតប្រចាំទីក្រុងវ៉ាស៉ីនតោន។
ជាមួយនិងការនាំចេញគិតជាទឹកប្រាក់ជិត ៨០០លានដុល្លារ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញមួយ ក្នុងចំណោមទីផ្សារនាំចេញកំពូលទាំង ៣ របស់អ៉ីតាលីសម្រាប់ Pasta ដែលជាផលិតផលអាហារតំណាងប្រទេស។ ការនាំចេញ Pasta សរុបរបស់អ៉ីតាលីកាលពីឆ្នាំ ២០២៤ មានតម្លៃជាង ៤.៧០ពាន់លានដុល្លារ ដោយការលក់ទៅឱ្យបរទេសមានជិត ២.៥លានតោន៕