មេដឹកនាំកំពូលវៀតណាម នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ក្នុងសប្តាហ៍នេះ (Video inside)
06-10-2025 14:18
(ហាណូយ)៖ ក្រសួងការបរទេសទីក្រុងហាណូយ បាននិយាយថា មេដឹកនាំកំពូលវៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥។
នាថ្ងៃចន្ទនេះ ក្រសួងការបរទេសវៀតណាម បាននិយាយថា លោក Lam ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្ត នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង នាថ្ងៃទី៩-១១ ខែតុលា។ អំឡុងពេលនោះ រូបលោកនឹងចូលរួមព្រឹត្តិការណ៍អបអរខួបទី៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា វានឹងជាទស្សនកិច្ចលើកដំបូងបំផុតរបស់លោក Lam ទៅកាន់កូរ៉េខាងជើង ក្នុងនាមជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ហើយបន្ទាប់ពីទស្សនកិច្ចរបស់លោក ទៅកាន់កូរ៉េខាងត្បូង កាលពីខែសីហា។ ទស្សនកិច្ចលើកចុងក្រោយធ្វើឡើង ដោយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមទៅកាន់កូរ៉េខាងជើង គឺតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ ដោយឡែក មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានធ្វើដំណើរមកកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ ដើម្បីបើកជំនួបកំពូលទ្វេភាគី ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕