ប្រមុខការពារជាតិអាល្លឺម៉ង់ ព្រមានពីការធ្លាក់ចូលទៅក្នុងអន្ទាក់បង្កើនភាពតានតឹងរបស់រុស្ស៉ី (Video inside)
06-10-2025 14:54
(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិ លោក Boris Pistorius បាននិយាយថា អាល្លឺម៉ង់ ត្រូវតែបង្កើនសមត្ថភាពប្រឆាំងនឹងយន្តហោះដ្រូន ប៉ុន្តែការឆ្លើយតបដោយមិនប្រុងប្រយ័ត្ន ចំពោះការបំពានដែនអាកាសពីសំណាក់រុស្ស៉ី មានហានិភ័យធ្លាក់ចូលទៅក្នុងអន្ទាក់បង្កើនភាពតានតឹងរបស់ លោក ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ ២០២៥។
ដោយសំដៅដល់តួនាទីជាប្រធានទីភ្នាក់ងារ KGB ឆ្នាំ ១៩៨០ លោក Pistorius គូសបញ្ជាក់ថា «លោក ពូទីន ស្គាល់អាល្លឺម៉ង់ច្បាស់។ បើយើងបាញ់ទម្លាក់យន្តហោះ លោក ពូទីន នឹងថាវាគ្រាន់តែជាកំហុសរបស់ពីឡុត ហើយយើងគឺជាបាញ់ទម្លាក់ជនស្លូតត្រង់ម្នាក់»។ លោកបន្ថែមថា «អាល្លឺម៉ង់ ចាំបាច់ត្រូវពិនិត្យមើលទិដ្ឋភាពទូទៅនៃការគំរាមកំហែង ដោយមិនត្រឹមតែការបំពានដោយដ្រូនប៉ុណ្ណោះទេ។ ទិន្នន័យពាក់ព័ន្ធទាំងអស់ សម្រាប់ការវាយតម្លៃពីស្ថានភាពសន្តិសុខអាល្លឺម៉ង់ ត្រូវផ្តោតតែលើចំណុចរួមមួយ»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Pistorius បានធ្វើឡើងបន្ទាប់ពីមានសញ្ញារំខានដោយដ្រូន ទៅលើអាកាយានដ្ឋានទីក្រុង Munich ក្នុងសប្តាហ៍នេះ។ អាជ្ញាធរមិនទាន់ដាក់បន្ទុកនោះទេ ប៉ុន្តែក្រុមមន្រ្តីនិយាយថា រុស្ស៉ីគួរតែជាអ្នកទទួលខុសត្រូវ សម្រាប់ឧប្បត្តិហេតុបំពានដែនអាកាសសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន៕