BREAKING: នាយករដ្ឋមន្រ្តីបារាំងថ្មី ដែលទើបត្រូវបានតែងតាំង សម្រេចចិត្តលាលែងពីតំណែងវិញ (Video inside)

06-10-2025 15:12

(ប៉ារីស)៖ នាថ្ងៃចន្ទ ទី៦ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលយកការលាលែងពីតំណែង​របស់នាយករដ្ឋមន្រ្តី លោក Sebastien Lecornu បន្ទាប់ពីលោក Lecornu ទើបតែត្រូវបានតែងតាំងឱ្យកាន់តួនាទីនេះ កាលពី​ពេលថ្មីៗកន្លងទៅប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រការនេះនាំឱ្យបារាំងធ្លាក់ចូលវិបត្តិជាប់គាំងផ្នែកនយោបាយបន្ថែមទៀត។ លោក Macron បានតែងតាំងលោក Lecornu ជា​នាយករដ្ឋមន្រ្តីកាលពីដើមខែកញ្ញា ប៉ុន្តែសមាសភាពគណៈរដ្ឋមន្រ្តី ដែលលោកប្រធានាធិបតីបារាំង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ បានទទួលរងការរិះគន់ខ្លាំង ពីបណ្តាគណបក្សផ្សេងៗនៅក្នុងសភា។

គួរបញ្ជាក់ថា លោក Sebastien Lecornu វ័យ៣៩ឆ្នាំ គឺជានាយករដ្ឋមន្រ្តីទី៧ របស់លោក Macron និងជានាយករដ្ឋមន្រ្តី៥ គិតក្នុងរយៈពេល២ឆ្នាំ។ លោក Lecornu ដំបូងឡើយ មានបំណងចង់ស្វែងរកការគាំទ្រពីគណបក្សនានា នៅក្នុងសភាដែលមាន​ការបែកបាក់យ៉ាងជ្រៅ។ នាយករដ្ឋមន្រ្តីបារាំង២រូបមុនលោក គឺលោក Francois Bayrou និង Michel Barnier កន្លងមកសុទ្ធតែរបូតតំណែង ​ដោយសារត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្ត៕