ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងបំណាក់ដី ផ្តាច់ជីវិតមនុស្ស ១៨នាក់នៅតំបន់រមណីយដ្ឋាន Darjeeling ប្រទេសឥណ្ឌា (Video inside)
06-10-2025 15:41
(ញូវដែលី)៖ ទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ នៅតំបន់ភ្នំ Darjeeling ភាគខាងកើតប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្ស ១៨នាក់ បន្ទាប់ពីបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ ២០២៥
Darjeeling ស្ថិតនៅក្នុងរដ្ឋ West Bengal ដោយមន្រ្តីប្រចាំតំបន់នេះនិយាយថា គិតត្រឹមថ្ងៃចន្ទមនុស្សមួយចំនួននៅបន្តបាត់ខ្លួន ខណៈប្រតិបត្តិការជួយសង្រ្គោះ និងស្តារឡើងវិញកំពុងដំណើរការ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ អភិបាលរដ្ឋ លោកស្រី Mamata Banerjee បានឱ្យដឹងថា ស្ពានដែកពីរកន្លែងបានបាក់ ផ្លូវជាច្រើនត្រូវទឹកជន់លិច និងរងការខូចខាតបន្សល់ទុកនូវក្រហូងដីធំៗ។ តាមប្រធានទីភ្នាក់ងារឧតុនិយមទីក្រុង Kolkata នៃរដ្ឋ West Bengal នឹងភ្លៀងបន្ថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ នៅតំបន់ Darjeeling។
គួរបញ្ជាក់ថា Darjeeling ជាតំបន់រមណីយដ្ឋានមួយនៃជួរភ្នំហិម៉ាឡ័យ និងល្បីល្បាញដោយសារដំណាំតែ ហើយបានទាក់ទាញអ្នកទេសចរដោយទិដ្ឋភាពដ៏អស្ចារ្យនៃភ្នំ Kanchenjunga ជាភ្នំខ្ពស់បំផុតទី៣លើពិភពលោក៕