អតីតនាយករដ្ឋមន្រ្តីរុស្ស៉ី ថាការរំខានដោយដ្រូន ជាសញ្ញារំលឹកដល់អឺរ៉ុបពីគ្រោះថ្នាក់នៃសង្រ្គាម (Video inside)
06-10-2025 16:09
(មូស្គូ)៖ អតីតនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Dmitry Medvedev បាននិយាយនៅថ្ងៃចន្ទ ទី៦ ខែតុលាថា វាស្ថិតក្នុងអាថ៌កំបាំងនៅឡើយ ជុំវិញការរំខានដោយយន្តហោះដ្រូន ទៅលើបណ្តាប្រទេសនានានៅអឺរ៉ុប ប៉ុន្តែឧប្បត្តិហេតុនេះអាចជួយរំលឹកដល់អឺរ៉ុប អំពីគ្រោះថ្នាក់នៃសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Medvedev ដែលបច្ចុប្បន្នជាអនុទីប្រឹក្សាសន្តិសុខជាតិរុស្ស៉ី គូសបញ្ជាក់ថា «អ្នកដែលគាំទ្ររបស់ប្រទេសយើង (នៅអឺរ៉ុប) នឹងមិនខ្ជះខ្ជាយធនធានពួកគេ តាមរយៈការចេញមុខពីការលាក់ពួននោះទេ។ ភ្នាក់ងារ និងចារកម្មរបស់យើង កំពុងរង់ចាំបទបញ្ជាដាច់ដោយឡែក»។ លោក Medvedev បានបន្ថែមថា ចំណុចសំខាន់ ដោយមិនគិតពីអ្នកទទួលខុសត្រូវ គឺពលរដ្ឋអឺរ៉ុបអាចបានភ្លក់រសជាតិនៃសង្គ្រាម ដែលអាចជាការចងចាំសម្រាប់ពួកគេ។
គួរបញ្ជាកថា លោក Medvedev បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ពីបទបង្ករឿងផ្នែកនយោបាយ និងហិរញ្ញវត្ថុ តាមរយៈផែនការប្រើប្រាស់ទ្រព្យសម្បតិ្ត ដែលបង្កកបានរបស់រុស្ស៉ី និងការវែកញែកអំពីឧប្បត្តិហេតុដ្រូន ដែលរុស្ស៉ីបានបដិសេធ៕