អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្លឹបកម្សាន្តដ៏ពេញនិយមមួយឈ្មោះ Route 66 នៅទីក្រុងបាងកក
06-10-2025 19:02
(បាងកក)៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅភោជនីយដ្ឋាន និងក្លឹបកម្សាន្តដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Route 66 នៅតំបន់កម្សាន្ត RCA ក្នុងទីក្រុងបាងកក កាលពីម៉ោងប្រមាណ ៥:០០ ល្ងាចថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកថៃ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថៃ ហេតុការណ៍អគ្គិភ័យនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលផ្សែងខ្មៅក្រាស់ៗបានហុយចេញពីទីតាំងខាងលើ។ ភ្លាមៗនោះ ក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ។
ទោះជាយ៉ាងណា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងគេនៅមិនទាន់ដឹងនៅឡើយ ហើយក៏មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរងរបួសនៅក្នុងហេតុការណ៍នេះទេ៕