អ៊ីស្រាអែល បញ្ជូនខ្លួននាង Greta Thunberg និងសកម្មជន ១៧០នាក់ទៀតចេញពីប្រទេស ទៅកាន់ក្រិក និងស្លូវ៉ាគី (Video inside)
06-10-2025 21:27
(ហ្សេរុយសាឡិម)៖ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានបញ្ជូនខ្លួនសកម្មជន Greta Thunberg និងសកម្មជនអន្តរជាតិ១៧០នាក់ផ្សេងទៀតទៅកាន់ប្រទេសក្រិក និងស្លូវ៉ាគី។ ពួកគេគឺជាផ្នែកមួយនៃក្បួននាវាអន្តរជាតិ ដែលអ៊ីស្រាអែលបានរារាំងមិនឱ្យដឹកជំនួយចូលទៅកាន់តំបន់ហ្កាហ្សាកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលបានឱ្យដឹងថា នាង Thunberg ដែលជាសកម្មជនស៊ុយអេត ត្រូវបានបញ្ជូនឡើងយន្តហោះនៅឯមូលដ្ឋានទ័ពអាកាស Ramon ក្នុងវាលខ្សាច់ Negev។ ក្រសួងការបរទេសអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយ ដោយភ្ជាប់មកជាមួយនូវរូបថតរបស់នាង នៅព្រលានយន្តហោះ ហើយបានបញ្ជាក់ថា សិទ្ធិស្របច្បាប់របស់អ្នកចូលរួមទាំងអស់ត្រូវបានការពារ។
ទោះជាយ៉ាងណា សកម្មជនជនជាតិស្វីស និងអេស្ប៉ាញ ដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បានអះអាងថា ពួកគេត្រូវបានប្រព្រិត្តយ៉ាងអមនុស្សធម៌ក្នុងអំឡុងពេលការឃុំខ្លួនដោយកងកម្លាំងអ៊ីស្រាអែល។ ក្រុមសកម្មជនស្វីសបានចោទប្រកាន់ថាមានការបង្អត់អាហារ និងទឹក រួមទាំងការវាយប្រហារផ្នែករាងកាយផងដែរ។
ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីស្រាអែលបានបដិសេធចោលរាល់ការចោទប្រកាន់ទាំងនោះ ដោយពណ៌នាការរាយការណ៍អំពីការធ្វើបាបអ្នកឃុំខ្លួនថាជា «ការកុហកទាំងស្រុង»។ គួរបញ្ជាក់ថា ការបញ្ជូនខ្លួននៅថ្ងៃចន្ទនេះ បានធ្វើឱ្យចំនួនអ្នកត្រូវបញ្ជូនខ្លួនសរុបកើនឡើងដល់៣៤១នាក់ ក្នុងចំណោមអ្នកត្រូវឃុំខ្លួនសរុប៤៧៩នាក់៕