លោក Lai Ching-te៖ បើចិនគ្រប់គ្រងតៃវ៉ាន់ សហរដ្ឋអាមេរិកក៏រងការគំរាមកំហែងដូចគ្នាដែរ (Video inside)

07-10-2025 10:36

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថាការគ្រប់គ្រងណាមួយរបស់ចិនលើតៃវ៉ាន់ ក៏នឹងគំរាមកំហែងដល់សហរដ្ឋអាមេរិកផងដែរ ហើយកាន់តែលើកទឹកចិត្តឱ្យ ទីក្រុងប៉េកាំងប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិកជាអ្នកគាំទ្រដ៏សំខាន់របស់តៃវ៉ាន់ បើទោះជាមិនមានទំនាក់ទំនងផ្លូវការជាមួយតៃប៉ិក៏ដោយ។ ប៉ុន្តែ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី២ កាលពីខែមករាមក លោក ដូណាល់ ត្រាំ មិនទាន់បានប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធថ្មីណាមួយទៅឱ្យតៃវ៉ាន់នៅឡើយទេ។ ការកត់សម្គាល់ខាងលើរបស់លោក Lai ធ្វើឡើងនៅក្នុង បទសម្ភាសន៍ជាមួយកម្មវិធី The Clay Travis and Buck Sexton Show ក្នុងសប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹងនិយាយអ្វី ប្រសិនបើបានជួបលោក ត្រាំ លោក Lai បានឆ្លើយថាលោកនឹងប្រាប់លោក ត្រាំ ឱ្យប្រុងប្រយ័ត្នចំពោះអ្វីដែលលោក ស៊ី ជីនពីងកំពុងធ្វើ។

នៅក្នុងសម្រង់សម្ដីមួយត្រូវបានចេញផ្សាយដោយការិយាល័យមេដឹកនាំតៃវ៉ាន់ នៅថ្ងៃអង្គារ ទី៧ ខែតុលា លោក Lai បានគូសបញ្ជាក់ថា «ខ្ញុំនឹងផ្ដល់យោបល់ឱ្យរូបលោក (លោក ត្រាំ) យកចិត្តទុកដាក់ជាពិសេសចំពោះការពិតដែលលោក ស៊ី ជីនពីង មិនមែនត្រឹមតែកំពុងបង្កើនការដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ តែចិនក៏កំពុងបង្កើនកងកម្លាំងយោធានៅតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ»។ តាមលោក Lai ការកើនឡើងសកម្មភាពយោធារបស់ចិនចេញឆ្ងាយពីតំបន់ឆ្នេរ របស់ខ្លួន គឺមិនមែនត្រឹមតែជាបញ្ហាប្រឈមសម្រាប់តៃវ៉ាន់តែម្នាក់ឯងនោះទេ។ ពោលគឺប្រសិនបើចិនអាចគ្រប់គ្រងតៃវ៉ាន់បាន នោះចិននឹងមានអំណាចកាន់តែខ្លាំងដើម្បីប្រជែងជាមួយ សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ «និយាយជារួម វាក៏គំរាមកំហែងដល់ផលប្រយោជន៍អាមេរិកផងដែរ ដូច្នេះខ្ញុំសង្ឃឹមថាលោក ត្រាំ នឹងបន្តថែរក្សាការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ នេះជាការបញ្ជាប់បន្ថែមរបស់លោក Lai។

គួរបញ្ជាក់ថា លោក Lai Ching-te បានទាត់ចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ហើយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចលើជោគវាសនារបស់ តៃវ៉ាន់។ ចិនវិញបានចាត់ទុកមេដឹកនាំតៃវ៉ាន់រូបនេះជាជនឧទ្ទាមផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់ដែលគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕