ប្រធានធនាគារកណ្តាលអឺរ៉ុប ប្រាប់ឱ្យ EU ត្រូវផ្អែកលើច្បាប់អន្តរជាតិ ជុំវិញការយកទ្រព្យសម្បតិ្តរបស់រុស្ស៉ីដែលបានបង្កក ទៅជួយអ៊ុយក្រែន (Video inside)
07-10-2025 11:54
(FRANKFURT, អាល្លឺម៉ង់)៖ ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បាននិយាយនៅថ្ងៃចន្ទ ទី៦ ខែតុលាថា រាល់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ីដែលបានបង្កក ទៅជួយដល់អ៊ុយក្រែន គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ហើយធនាគារកណ្តាលអឺរ៉ុបយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរការនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
EU កំពុងស្វែងរកមធ្យោបាយផ្តល់ហិរញ្ញប្បទាន ដល់វិស័យការពារជាតិ និងការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែន ដោយប្រើទ្រព្យសម្បត្តិរុស្ស៉ីមានតម្លៃប្រមាណ ២១០ពាន់លានអឺរ៉ូ ឬ ៣២.៥៧ពាន់លានដុល្លារ ដែលត្រូវបានបង្កកដោយលោកខាងលិច ក្រោយរុស្ស៉ីបើកការឈ្លានពាននៅអ៊ុយក្រែន។ ដោយសារការរឹបអូសទាំងស្រុងគឺខុសច្បាប់ ថ្នាក់ដឹកនាំនយោបាយនៃប្លុក កំពុងធ្វើការដើម្បីវិនិយោគគិតជាលុយរុស្ស៉ី នៅក្នុងគម្រោងគ្មានការប្រាក់មួយ ដែលចេញដោយគណៈកម្មការអឺរ៉ុប ជាមួយការធានាពីបណ្តារដ្ឋាភិបាលជាសមាជិក។ បន្ទាប់មក EU នឹងយកលុយនោះ ទៅប្រើជាកម្ចីមានសំណង ឱ្យដល់អ៊ុយក្រែន។
លោកស្រី Lagarde បារម្ភថា ចំណាត់ការផ្លូវច្បាប់ដ៏ចម្រូងចម្រាស នឹងធ្វើឱ្យខូចដល់ទំនុកចិត្តនៃប្រាក់អឺរ៉ូ នាំឱ្យអ្នកវិនិយោគស្ទាក់ស្ទើរក្នុងការកាន់កាប់ទ្រព្យសកម្មជាប្រាក់អឺរ៉ូ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ។ លោកស្រី Lagarde បានប្រាប់សភាអឺរ៉ុបយ៉ាងដូច្នេះថា «ដោយគិតពីស្ថិរភាពហិរញ្ញវត្ថុ និងភាពខ្លាំងនៃប្រាក់អឺរ៉ូ យើងនឹងពិនិត្យដោយយកចិត្តទុកដាក់បំផុត ដើម្បីប្រាកដថាអ្វីដែលត្រូវបានស្នើឡើង គឺស្របតាមច្បាប់អន្តរជាតិ ហើយគិតគូរពីស្ថិរភាពហិរញ្ញវត្ថុ»៕