កូរ៉េខាងត្បូងសង្ឃឹមថា ទំនាក់ទំនងកូរ៉េខាងជើង-ចិន អាចចូលរួមចំណែកឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ (Video inside)

07-10-2025 13:57

(សេអ៊ូល)៖ នាថ្ងៃអង្គារ ទី៧ ខែតុលា រដ្ឋមន្រ្តីការបរទេសនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា រូបលោកសង្ឃឹមថា ទំនាក់ទំនងរវាង​កូរ៉េខាងជើងនិងចិន អភិវឌ្ឍទៅមុខក្នុងលក្ខណៈមួយ ដែលអាចចូលរួមចំណែកចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាសុខសន្តិភាព នៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រមុខការទូតកូរ៉េខាងត្បូង លោក Cho Hyun បានបន្ថែមទៀតថា លោកនឹងបន្តធ្វើការទាក់ទងជាមួយចិន លើបញ្ហានានាដែលពាក់ព័ន្ធនឹង​ឧបទ្វីបកូរ៉េ។ បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ការលើកឡើងដូចខាងលើរបស់លោក Cho គឺអំឡុងពេលលោកបានជួបសន្ទនាតាមទូរសព្ទ ជាមួយសមភាគីចិន លោក Wang Yi នាថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ថ្លែងនៅអង្គការសហប្រជាជាតិ ចុងខែកញ្ញាកន្លងទៅនេះ កូរ៉េខាងជើង បានប្រកាសថា ខ្លួននឹងមិនបោះបង់ចោលដាច់ខាត នូវកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានចាត់ទុកការអំពាវនាវចង់ឱ្យខ្លួនធ្វើបែបនោះ គឺស្មើនឹងការទាមទារឱ្យប្រទេសកូរ៉េខាងជើង បោះបង់ចោលអធិបតេយ្យនិងសិទ្ធិរស់រានមានជីវិតយ៉ាងដូច្នោះ៕