មេដឹកនាំកោះតៃវ៉ាន់៖ បើលោក ត្រាំ អាចបញ្ចុះបញ្ចូលឱ្យចិនបោះបង់ការប្រើកម្លាំងប្រឆាំងតៃវ៉ាន់ គឺលោកនឹងសមទទួលបានណូបែលសន្តិភាព (Video inside)
07-10-2025 14:41
(តៃប៉ិ)៖ ក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងសប្តាហ៍នេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែទទួលបានពានរង្វាន់ណូបែលសន្តិភាព ប្រសិនបើលោកពិតជាអាចបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក ស៉ី ជីនពីង ឱ្យបោះបង់ចោលការប្រើប្រាស់កម្លាំងប្រឆាំងលើតៃវ៉ាន់បាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥។
លោក Lai បានលើកឡើងបែបនោះ ដោយសំដៅលើការអត្ថាធិប្បាយមួយរបស់លោក ត្រាំ កាលពីខែសីហា ដែលពេលនោះ លោកប្រធានាធិបតីអាមេរិក បានអះអាងថា លោក ស៉ី បានប្រាប់រូបលោកដោយផ្ទាល់ថា ចិននឹងមិនបើកការវាយលុកលើតៃវ៉ាន់ទេ ដរាបណាលោក ត្រាំ កំពុងធ្វើជាប្រធានាធិបតីអាមេរិក។ ចិនចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាតំបន់មួយប៉ុណ្ណោះនៃដែនដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញនាថ្ងៃណាមួយ។
លោក Lai បាននិយាយថា «យើងសង្ឃឹមថា នឹងអាចបន្តទទួលបានការគាំទ្រពីលោកប្រធានាធិបតី ត្រាំ។ ប្រសិនបើលោកប្រធានាធិបតី អាចបញ្ចុះបញ្ចូលឱ្យលោក ស៉ី ជីនពីង បោះបង់ចោលជាអចិន្រ្តៃយ៍ នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងតៃវ៉ាន់នោះ ប្រាកដណាស់ គឺលោកប្រធានាធិបតី ត្រាំ ពិតជាសមក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព»។
គួរបញ្ជាក់ថា លោក ត្រាំ ខ្លួនឯងផ្ទាល់ក៏បានយល់ឃើញដែរថា រូបលោកសមទទួលបានពានរង្វាន់ណូបែលសន្តិភាព ដែលធ្លាប់បានទៅលើ អតីតប្រធានាធិបតីអាមេរិកសរុប៤នាក់ រួមមានលោក Theodore Roosevelt ឆ្នាំ១៩០៦, លោក Woodrow Wilson ឆ្នាំ១៩១៩, លោក Barack Obama ឆ្នាំ២០០៩ ដែលបានពានណូបែល អំឡុងពេលកាន់អំណាច ព្រមទាំង លោក Jimmy Carter ដែលបានកាលពីឆ្នាំ២០០២ ពោលគឺក្រោយពេលចាកចេញពីតំណែង។ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៥នេះ នឹងត្រូវប្រកាសនៅប្រទេសន័រវែស នាថ្ងៃសុក្រ ទី១០ ខែតុលា៕