តំបន់ងាយរងគ្រោះដោយទឹកជំនន់ នៅបង់ក្លាដែស ប្រើទូកតូចៗធ្វើជាសាលារៀនបណ្តែតទឹក (Video inside)

07-10-2025 15:21

(ដាក្កា)៖ សាលារៀនបណ្តែតទឹក ដែលជាទូកតូចៗបំពាក់ថាមពលពន្លឺព្រះអាទិត្យ បានជួយដល់កុមារកុំឱ្យខកខានសិក្សា អំឡុងពេលដែលទឹកហក់ឡើង កាត់ផ្តាច់ផ្លូវ និងភូមិ នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ នៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ ២០២៥។

ជារៀងរាល់ព្រឹក កុមារតែងតែចាំនៅមាត់ទឹកដែលជន់ភូមិ Bhangura ភាគខាងលិចបង់ក្លាដែស ដើម្បីបានចូលរៀន។ គំនិតផ្តួចផ្តើមបង្កើតសាលាបណ្តែតទឹក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០០២ ដោយស្ថាបត្យករ លោក Mohammed Rezwan ដោយប្រើលុយអាហារូបករណ៍ចំនួន ៥០០ដុល្លារ បានវិវត្តទៅជាគម្រោងទូទាំងប្រទេសមួយ ដែលគ្រប់គ្រងដោយអង្គការមិនរកប្រាក់ចំណេញ Shidhulai Swanirvar Sangstha (SSS)។

ឥឡូវនេះ ទូកជាង ១០០គ្រឿង បានក្លាយជាសាលារៀន បណ្ណាល័យ និងគ្លីនិក។ គម្រោងនេះបានអប់រំសិស្សជាង ២២ ០០០នាក់ និងបានឈ្នះពានរង្វាន់ UNESCO Confucius Prize for Literacy សម្រាប់ការងាររបស់ខ្លួន។ នៅឯស្រុក Chalan Beel ទូកប្រហែលជា ២០គ្រឿងត្រូវបានយកធ្វើជាថ្នាក់រៀន មធ្យោបាយសម្រាប់ទស្សនាភូមិមាត់ទន្លេ រយៈពេល ៥ថ្ងៃក្នុង ១សប្តាហ៍៕