UN ថាបុគ្គលិកចំនួន៩នាក់ទៀត ត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទីនៅយេម៉ែន (Video inside)
07-10-2025 15:55
(ញូវយ៉ក)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក Stephane Dujarric បានឱ្យដឹងថា បុគ្គលិក UN ៩នាក់ទៀត ត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន ដែលនាំឱ្យចំនួនបុគ្គលិកដែលត្រូវគេឃុំខ្លួនតាមអំពើចិត្ត មានដល់ទៅ ៥៣នាក់ គិតចាប់តាំងពីឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ ២០២៥។
លោក Dujarric បញ្ជាក់ថា «អគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តការឃុំខ្លួន ដោយបំពានលើបុគ្គលិក និងដៃគូរបស់ខ្លួន ក៏ដូចជាការចាប់យកដោយខុសច្បាប់នូវទីតាំង និងទ្រព្យសម្បត្តិរបស់ UN នៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងហ៊ូទី»។
លោក Dujarric មិនបានបញ្ជាក់អំពីពេលវេលា ឬកាលៈទេសៈនៃការឃុំខ្លួនថ្មីៗនេះទេ។ ប៉ុន្តែកាលពីខែសីហា ហ៊ូទីបានវាយឆ្មក់លើបរិវេណស្នាក់ការ UN ក្នុងទីក្រុង Sanaa ហើយបានឃុំខ្លួនបុគ្គលិកយ៉ាងហោចណាស់ ១៨នាក់ បន្ទាប់ពីមានការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានសម្លាប់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួនទៀតនៃក្រុមនេះ។
មន្ត្រីហ៊ូទីនិយាយថា អភ័យឯកសិទ្ធិផ្លូវច្បាប់នៃបុគ្គលិក UN មិនគួរត្រូវបានប្រើដើម្បីការពារសកម្មភាពចារកម្មនោះទេ។ ហ៊ូទីចោទប្រកាន់ UN ថាលម្អៀងទាក់ទងនឹងវិធានការផ្លូវច្បាប់ ប្រឆាំងសកម្មភាពចារកម្ម ខណៈបរាជ័យក្នុងការដោះស្រាយ ការវាយប្រហាររបស់អ៉ីស្រាអែល៕