លោក ត្រាំ ថាចង់ដឹងពីផែនការរបស់អ៊ុយក្រែនស្តីពីការប្រើប្រាស់មីស៉ីល Tomahawk ដែលទីក្រុងកៀវចង់បាន (Video inside)
07-10-2025 16:48
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ដឹងថា អ៊ុយក្រែននឹងយកមីស៉ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅប្រើប្រាស់ដោយរបៀបណាឱ្យប្រាកដ មុនពេលសម្រេចចិត្តផ្តល់ពួកវា ពីព្រោះលោកមិនចង់ឱ្យសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន កាន់តែកើនឡើងថែមទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ ២០២៥។
លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំគិត ថាខ្ញុំត្រូវតែដឹងជាមុនសិនថាពួកគេ (អ៊ុយក្រែន) នឹងធ្វើយ៉ាងមិច។ តើពួកគេបញ្ជូនទៅណា? ខ្ញុំត្រូវតែសួរឱ្យដឹងច្បាស់។ ខ្ញុំមិនបង្កើនភាពតានតឹងក្នុងសង្រ្គាមនោះទេ»។
មីស៉ីល Tomahawk អាចបាញ់បានចម្ងាយ ២ ៥០០គីឡូម៉ែត្រ ដែលអាចបាញ់ចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ី។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យសហរដ្ឋអាមេរិកលក់មីស៉ីលនេះ ទៅឱ្យប្រទេសអឺរ៉ុប ដែលអាចនឹងបញ្ជូនវាបន្តមកអ៊ុយក្រែន៕