ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ទាល់តែមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ (Video inside)

07-10-2025 18:51

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឱ្យលោកធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ។

ពិធីនេះនឹងផ្តល់ឱ្យលោក ត្រាំ នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» នៅលើឆាកអន្តរជាតិ បន្ទាប់ពីលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរក្នុងខែកក្កដា។ សេតវិមានក៏បានស្នើសុំជាពិសេសឱ្យអ្នករៀបចំកិច្ចប្រជុំកំពូលដកមន្ត្រីចិនចេញពីពិធីនេះផងដែរ ដើម្បីធានាថា ការយកចិត្តទុកដាក់មានតែលើលោក ត្រាំ តែម្នាក់ឯង ព្រមទាំងកាត់បន្ថយតួនាទីរបស់ទីក្រុងប៉េកាំងក្នុងការសម្របសម្រួលរវាងទីក្រុងបាងកក និងភ្នំពេញ។

គួរបញ្ជាក់ថា ការទាមទាររបស់លោក ត្រាំ ធ្វើឱ្យម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ត្រូវការចៀសវាងការធ្វើឱ្យលោក ត្រាំ ខកចិត្ត ខណៈមេដឹកនាំម៉ាឡេស៊ីកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលលោកសង្ឃឹមថា នឹងជួយកាត់បន្ថយពន្ធគយរបស់អាមេរិកបច្ចុប្បន្ន ១៩ភាគរយលើផលិតផលនាំចូលពីម៉ាឡេស៊ី។ ប៉ុន្តែទីក្រុងកូឡាឡាំពួរក៏មិនចង់ធ្វើឱ្យទីក្រុងប៉េកាំងដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេស និងជាប្រភពដ៏សំខាន់នៃការវិនិយោគពីបរទេស អាក់អន់ចិត្តដែរ៕