អ៊ុយក្រែន ចង់បង្កើនការនាំចូលឧស្ម័ន ៣០% បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី (Video inside)
07-10-2025 20:41
(គៀវ)៖ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោកស្រី Svitlana Hrynchuk បានមានប្រសាសន៍នៅថ្ងៃអង្គារថា អ៊ុយក្រែនចង់បង្កើនការនាំចូលឧស្ម័នធម្មជាតិចំនួន ៣០% បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន ដែលការខូចខាតត្រូវបានពិពណ៌នាថាមានទំហំធំធេង។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ ជាមួយឯកអគ្គរដ្ឋទូតលោកខាងលិច លោកស្រី Hrynchuk បានមានប្រសាសន៍ថា «យើងគ្រោងនឹងបង្កើនការនាំចូលប្រហែល ៣០% ប្រសិនបើយើងអាចពង្រីកសមត្ថភាពនាំចូលរបស់យើងបាន»។ លោកស្រីបានបន្ថែមថា «យើងគ្រោងនឹងនាំចូលពេញមួយខែដែលត្រជាក់បំផុត ទោះបីជាអាទិភាពឥឡូវនេះគឺដើម្បីធានាការនាំចូលសម្រាប់ខែតុលា-ធ្នូ និងបើចាំបាច់ សម្រាប់ខែផ្សេងទៀត»។
រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ទៀតថា បរិមាណសរុបនៃការនាំចូលនឹងអាស្រ័យលើថាតើអ៊ុយក្រែនអាចជួសជុលការផលិតឧស្ម័នរបស់ខ្លួនបានលឿនប៉ុណ្ណា ថាតើការវាយប្រហាររបស់រុស្ស៊ីនឹងខ្លាំងក្លា និងមានគោលដៅប៉ុណ្ណា និងថាតើការខូចខាតប្រព័ន្ធដឹកជញ្ជូនឧស្ម័នអាចធ្ងន់ធ្ងរប៉ុណ្ណា។
គួរបញ្ជាក់ថា រដ្ឋាភិបាលមុនបាននិយាយថា អ៊ុយក្រែនគ្រោងនឹងនាំចូលឧស្ម័ន ៤,៦ ពាន់លានម៉ែត្រគូប (bcm) ក្នុងរដូវកាល ២០២៥/២៦។ រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងលើវិស័យថាមពលរបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានវាយប្រហារលើតំបន់ផលិតឧស្ម័នសំខាន់ៗរបស់អ៊ុយក្រែន ដែលបង្កការព្រួយបារម្ភអំពីកង្វះឧស្ម័នដែលអាចកើតមាន និងតម្រូវការនាំចូលបន្ថែមយ៉ាងច្រើន៕