មន្ដ្រីមន្ទីរបញ្ចកោណ៖ ការត្រួតពិនិត្យលើគម្រោងនាវាមុជទឹក AUKUS កំពុងបន្ត ដើម្បីធ្វើឱ្យវាកាន់តែមាននិរន្តរភាព (Video inside)

07-10-2025 22:43

(វ៉ាស៊ីនតោន)៖ បេក្ខជនមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិអាមេរិកកំពុងបន្តធ្វើការត្រួតពិនិត្យឡើងវិញ លើគម្រោង AUKUS ដែលជាគម្រោងផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក John Noh ដែលបច្ចុប្បន្នកំពុងបម្រើការជាអនុប្រធានជំនួយការរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការអាស៊ីបូព៌ាបានថ្លែងថា ការផលិតនាវាមុជទឹកប្រភេទ Virginia របស់សហរដ្ឋអាមេរិក ត្រូវតែបង្កើនពី ១.២គ្រឿងក្នុងមួយឆ្នាំ ដល់ ២.៣៣គ្រឿងក្នុងមួយឆ្នាំ ដើម្បីបំពេញតាមកាតព្វកិច្ចរបស់គម្រោង AUKUS។

លោកបានបន្ថែមថា មានរឿងរ៉ាវជាច្រើនដែលដៃគូ AUKUS រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស អាចធ្វើបានដើម្បីឱ្យគម្រោងនេះកាន់តែមាននិរន្តរភាព។ លោកបានបញ្ជាក់ទៀតថា លោកជឿជាក់ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Elbridge Colby និងប្រមុខការពារជាតិ លោក Pete Hegseth នឹងមានឱកាសពិភាក្សាអំពីអនុសាសន៍ជាក់លាក់លើបញ្ហានេះ។

គួរបញ្ជាក់ថា AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសឡើងកាលពីខែកញ្ញា ឆ្នាំ២០២១។ គោលដៅចម្បងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីជួយអូស្ត្រាលីក្នុងការអភិវឌ្ឍ និងដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕