អ៉ីរ៉ង់ទាត់ចោលការលើកឡើងរបស់លោក Netanyahu ជុំវិញកម្មវិធីមីស៊ីលរបស់ខ្លួនថាជាការប្រឌិតរឿង (Video inside)

08-10-2025 09:29

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែតុលា បានច្រានចោលការព្រមានរបស់លោក Benjamin Netanyahu ជុំវិញកម្មវិធីមីស៊ីលរបស់ខ្លួនថាជាការប្រឌិតរឿង បន្ទាប់ពី នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះចោទថាទីក្រុងតេហេរ៉ង់កំពុងអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផលិត podcast អាមេរិក លោក Ben Shapiro ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Netanyahu បាននិយាយថាអ៉ីរ៉ង់ បច្ចុប្បន្ន កំពុងអភិវឌ្ឍមីស៊ីលបាលសិ្ទគអន្តរទ្វីបដែលមានរយៈចម្ងាយបាញ់ ៨០០០គីឡូម៉ែត្រ។ «តើនេះមានន័យដូចម្ដេច? ពួកគេ (អ៉ីរ៉ង់) ចង់បន្ថែមចម្ងាយបាញ់ ៣០០០គីឡូម៉ែត្រទៀត ហើយ ពួកគេចង់បាញ់ដល់ទីក្រុង New York Washington, Boston, Miami និង Mar-a-Lago»។ នេះជាការលើកឡើងរបស់លោក Netanyahu ហើយ Mar-a-Lago គឺភូមិគ្រឹះរបស់លោក ត្រាំ ក្នុងរដ្ឋ Florida។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក Netanyahu ដោយនិយាយថានាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ កំពុងព្យាយាមលាបពណ៌ថាសមត្ថភាពការពារខ្លួនរបស់អ៉ីរ៉ង់គឺជាការគំរាមកំហែង។ លោក Araghchi បានបញ្ជាក់ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «អ៉ីស្រាអែលឥលូវ កំពុងព្យាយាមបង្កើតរឿងប្រឌិតថាសមត្ថភាពការពារខ្លួនរបស់យើងជាការគំរាមកំហែង»។

គួរបញ្ជាក់ថា អ៉ីរ៉ង់ ត្រូវបានរាយការណ៍ថាមានឃ្លាំងមីស៊ីលបាលិស្ទីគផលិតនៅក្នុងស្រុកដ៏ធំមួយ ក្នុងនោះមានមីស៊ីលបាលិស្ទីគ Shahab-3 ដែលបាញ់បានក្នុងចម្ងាយ ២០០០គីឡួម៉ែត្រ ពោលគឺបាញ់ដល់អ៉ីស្រាអែល៕