លោក Macron ប្រឈមនឹងការអំពាវនាវឱ្យលាលែងចេញពីតំណែង ដើម្បីបញ្ចប់វិបត្តិនយោបាយ (Video inside)
08-10-2025 10:11
(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងក្នុងការស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សមួយដើម្បីបិទបញ្ចប់វិបត្តិនយោបាយសព្វថ្ងៃ បន្ទាប់ពី នាយករដ្ឋមន្ត្រីដំបូងរបស់លោក និងធ្លាប់ជាសម្ព័ន្ធមិត្តផងនោះបានជំរុញឱ្យរូបលោកលាលែងចេញពីតំណែងដើម្បីបុព្វហេតុប្រទេសជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Macron ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីបារាំងចាប់តាំងពីឆ្នាំ២០១៧មក បាន និងកំពុងតស៊ូប្រយុទ្ធនឹងវិបត្តិនយោបាយដ៏អាក្រក់មួយមិនធ្លាប់មានក្នុងអាណត្តិជាប្រធានាធិបតីរបស់ លោកមកទល់នឹងពេលនេះ ក្រោយនាយករដ្ឋមន្ត្រីទី៧របស់លោក គឺលោក Sebastien Lecornu លាលែងចេញពីតំណែង បន្ទាប់ពីកាន់តំណែងមិនទាន់បានមួយខែផង។ លោក Macron បានទុកពេល ឱ្យលោក Lecornu រហូតដល់ល្ងាចថ្ងៃពុធសប្ដាហ៍នេះដើម្បីចរចាបំបែកភាពជាប់គាំងនយោបាយជាមួយគណបក្សដទៃទៀត។ ប៉ុន្តែកិច្ចប្រឹងប្រែងនេះត្រូវបានគេមើលឃើញថាពិបាកនឹងសម្រេចបាន ជោគជ័យណាស់។ ប្រសិនបើបរាជ័យពិតមែន នោះជម្រើសមួយរបស់លោក Macron គឺរំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ឬក៏តែងតាំងនាយករដ្ឋមន្ត្រីថ្មី។
តែទោះជាប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក៏ដោយ ក៏អ្នកនាំពាក្យរបស់លោក Macron គឺលោកស្រី Aurore Berge បាននិយាយកាលពីថ្ងៃអង្គារ ទី៧ ខែតុលាថាលោកប្រធានាធិបតីនឹងបន្តកាន់អំណាច រហូតដល់នាទីចុងក្រោយនៃអាណត្តិរបស់លោកដែលនឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២៧។ ក៏ប៉ុន្តែ អតីតនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe ដែលធ្លាប់ជានាយករដ្ឋមន្ត្រីដំបូងរបស់លោក Macron ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ បាននិយាយថាការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិគួរតែត្រូវបានធ្វើឡើងជាមុន ដើម្បីបើកផ្លូវឆ្ពោះទៅរកការអនុម័តកញ្ចប់ថវិកាជាតិ។ លោក Philippe បានប្រាប់ ទូរស្សន៍បារាំង RTL ថាឥលូវ វាគឺអាស្រ័យលើលោក Macron ក្នុងការជួយសង្រ្គោះប្រទេសជាតិឱ្យងើបចេញពីវិបត្តិនយោបាយមួយដែលកំពុងបំផ្លាញប្រទេសជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក Macron ត្រូវគេបានរាយការណ៍ថាបានបើកកិច្ចពិភាក្សាជាមួយប្រធានរដ្ឋសភា និងព្រឹទ្ធសភា ហើយគោលដៅនៃជំនួបដាច់ដោយឡែកនេះមិនត្រូវបានបង្ហើបឱ្យដឹងទេ តែប្រធានាធិបតីបារាំងមានកាតព្វកិច្ចពិគ្រោះយោបល់ជាមួយប្រធានសភាទាំង២ ប្រសិនបើការរៀបចំការបោះឆ្នោតថ្មីស្ថិតនៅក្រោមការគ្រោងទុក៕