លោក គីម ជុងអ៊ុន បើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីឡាវ នៅព្យុងយ៉ាង (Video inside)

08-10-2025 10:35

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីឡាវ លោក Thongloun Sisoulith ក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

KCNA​ នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី៨ ខែតុលា បានឱ្យដឹងទៀតថាលោក គីមបានចេញទៅទទួលលោក Thongloun ដោយផ្ទាល់ក្នុងពិធីស្វាគមន៍មួយ ហើយមេដឹកនាំទាំង២បានបើក កិច្ចពិភាក្សាពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមករវាងប្រទេសទាំង២ មុននឹងលោក គីម រៀបចំពិធីលាងសាយភោជន៍ជូនគណៈប្រតិភូឡាវ។

លោក Thongloun កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងដើម្បីចូលរួមអបអរសាទរដល់ខួបនៃការបង្កើតគណបក្សពលកររបស់កូរ៉េខាងជើងនៅថ្ងៃទី១០ ខែតុលា ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយរបស់ មេដឹកនាំបរទេសទៅកាន់កូរ៉េខាងជើងដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីអន្តរជាតិ។ ក្រៅពីប្រធានាធិបតីឡាវ នាយករដ្ឋមន្ត្រីចិន Li Qiang និងអគ្គលេខាធិការបក្សកម្មុយនិស្ដវៀតណាម លោក To Lam ក៏ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងសប្ដាហ៍នេះផងដែរ៕