នាយករដ្ឋមន្រ្តីកាណាដា ជួបលោក ត្រាំ ជាថ្មី ដើម្បីស្វែងកិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធគយ (Video inside)

08-10-2025 11:54

(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីស្វែងរកការបន្ធូរបន្ថយពន្ធ ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ ២០២៥។

លោក Carney បាននិយាយដោយលេងសើចថា «ខ្ញុំដាក់ក្រវ៉ាត់កពណ៌ក្រហម ដើម្បីអ្នក» ដោយចង្អុលទៅកាន់លោក ត្រាំ។ ជារឿយៗ លោក ត្រាំ តែងដាក់ក្រវ៉ាត់កពណ៌ក្រហម ទោះបីជាលោកពាក់អាវធំពណ៌ខៀវក៏ដោយ។ លោក Carney កំពុងបំពេញទស្សនកិច្ចលើកទីពីរទៅកាន់ការិយាល័យរាងពងក្រពើ ប៉ុន្តែខុសពីសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត កាណាដា នៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀង ដែលនាំទៅរកការដកខ្លួនចេញពីសង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ នោះទេ។

មុនពេលជួបនាយករដ្ឋមន្រ្តីកាណាដារូបនេះ លោក ត្រាំ បាននិយាយថា «ខ្ញុំទាយថា គាត់ (លោក Carney) នឹងមកនិយាយអំពីបញ្ហាពន្ធ ពីព្រោះក្រុមហ៊ុនជាច្រើនមកពីកាណាដា កំពុងប្តូរមកកាន់អាមេរិក»។ ថ្មីៗនេះ លោក ត្រាំ ក៏បានលើកឡើងម្តងទៀតនូវបំណងប្រាថ្នា ធ្វើឱ្យកាណាដាក្លាយជារដ្ឋទី ៥១ របស់អាមេរិក ដែលជាបញ្ហាមួយបង្កភាពតានតឹង ក្នុងទស្សនកិច្ចលើកមុនរបស់ លោក Carney។

តាមរដ្ឋាភិបាលកាណាដា អំឡុងពេលនៃទស្សនកិច្ចការងារនៅអាមេរិក លោក Carney ព្យាយាមស្តារទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីបញ្ហាអាទិភាពទាក់ទងនឹងសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខ រវាងកាណាដា និងសហរដ្ឋអាមេរិក៕