លោក ពូទីន នឹងជួបប្រជុំជាមួយក្រុមមេដឹកនាំប្រទេសអាស៉ីកណ្តាល នៅតាហ្ស៉ីគីស្ថាន ដើម្បីពង្រឹងឥទ្ធិពលរុស្ស៉ី (Video inside)
08-10-2025 14:01
(មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបជាមួយក្រុមមេដឹកនាំប្រទេសអាស៉ីកណ្តាល នៅឯប្រទេសតាហ្ស៉ីគីស្ថាន ដោយវានឹងជាកិច្ចប្រជុំកំពូលលើកទី២ គិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ស្របពេលដែលទីក្រុងមូស្គូកំពុងព្យាយាមប្រកួតប្រជែងឥទ្ធិពល ជាមួយចិននិងអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែនឥទ្ធិពលរបស់រុស្ស៉ីជាយូរមកហើយ នៅតំបន់អាស៉ីកណ្តាល ត្រូវគេមើលឃើញបានថយចុះជាលំដាប់។ អំឡុងជំនួបកំពូលលើកទី១ ជាមួយមេដឹកនាំទាំង៥ នៃតំបន់អាស៉ីកណ្តាល កាលពីឆ្នាំ២០២២ លោក ពូទីន បានរងការរិះគន់ពីសំណាក់ប្រធានាធិបតីតាហ្ស៉ីគីស្ថាន ដែលបានចោទទីក្រុងមូស្គូថា មិនអើពើចំពោះបណ្តារដ្ឋដែលធ្លាប់ស្ថិតក្នុងសហភាពសូវៀត និងមិនសូវផ្តល់ការគោរពចំពោះពួកគេ។ ដោយឡែក ចិននិងអឺរ៉ុបឯណោះវិញ បានរួសរាន់ក្តាប់យកឱកាស ដោយបានបើកកិច្ចប្រជុំកម្រិតខ្ពស់ នៅអាស៉ីកណ្តាលក្នុងឆ្នាំនេះ ហើយសង្ឃឹមថា នឹងអាចពង្រីកការទាញយកអត្ថប្រយោជន៍របស់ពួកគេ ពីធនធានធម្មជាតិដ៏ច្រើនសម្បើមរបស់តំបន់អាស៉ីកណ្តាល។
គួរបញ្ជាក់ថា លោក ពូទីន ត្រូវបានរំពឹងថា នឹងទៅដល់ប្រទេសតាហ្ស៉ីគីស្ថាន នាថ្ងៃពុធនេះ។ មេដឹកនាំប្រទេសតាហ្ស៉ីគីស្ថាន កាហ្សាក់ស្ថាន តួកម៉េនីស្ថាន កៀហ្ស៉ីស៉ីស្ថាន ព្រមទាំងអ៊ូសបេគីស្ថាន នឹងចូលរួមកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ ដែលនឹងរៀបចំឡើងនៅរដ្ឋធានីឌូស្ហាន់បេរបស់តាហ្ស៉ីគីស្ថាន៕