តួលេខអ្នកស្លាប់កើនដល់ ១៥នាក់ បន្ទាប់ពីបំណាក់ដី វាយប្រហារចំរថយន្តក្រុង ក្នុងរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា (Video inside)
08-10-2025 14:35
(ញូវដេលី)៖ ក្រុមមន្រ្តី និងប៉ូលិស បាននិយាយនៅថ្ងៃពុធ ទី៨ ខែតុលានេះថា ចំនួនអ្នកស្លាប់ដោយបំណាក់ដី ដែលបានវាយប្រហាររថយន្តក្រុងឯកជនមួយគ្រឿង នៅរដ្ឋតំបន់ភ្នំ Himachal Pradesh បានកើនឡើងដល់ ១៥នាក់ បាត់ខ្លួន ១នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters។
មន្ត្រីមកពីទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) បានឱ្យដឹងថា មានកុមារពីរនាក់រងរបួសក្នុងហេតុការណ៍ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ។ ឧបនាយករដ្ឋមន្រ្តី លោក Mukesh Agnihotri បញ្ជាក់ថា ហេតុការណ៍ដ៏អាក្រក់នេះ ឆក់យកជីវិតបុរស ៩នាក់ ស្រ្តី ៤នាក់ និងកុមារ ២នាក់ ខណៈកុមារ ២នាក់ត្រូវរបួស និងម្នាក់ទៀតកំពុងបាត់ខ្លួន។ ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបណ្តាលមកពី ភ្លៀងធ្លាក់រយៈពេល ២ថ្ងៃមកនេះ។
ក្នុងសប្តាហ៍នេះ ភ្លៀងបានបង្កជាទឹកជំនន់ និងបំណាក់ដីទូទាំងតំបន់ហិម៉ាល័យ ប៉ែកខាងឥណ្ឌា។ គិតមកដល់ថ្ងៃចន្ទដើមសប្តាហ៍ យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់ បានស្លាប់ក្នុងតំបន់ Darjeeling នៃរដ្ឋ West Bengal និង ៥០នាក់នៅនេប៉ាល់ ដែលជាប្រទេសជិតខាង បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់បង្កជាទឹកជំនន់ និងបំណាក់ដី៕