ទឹកជំនន់ជន់លិចខ្លាំងនៅភាគខាងជើងប្រទេសវៀតណាម និងផ្តាច់ជីវិតមនុស្សយ៉ាងហោច៨នាក់ ក្នុងសប្តាហ៍នេះ (Video inside)

08-10-2025 14:56

(ហាណូយ)៖ អាជ្ញាធរវៀតណាម បាននិយាយថា នាថ្ងៃពុធនេះ ទឹកជំនន់បានជន់លិចផ្លូវយ៉ាងខ្លាំងក្លា នៅតាមសហគមន៍ជាច្រើន ក្នុងតំបន់ភាគខាងជើងប្រទេស ហើយមនុស្សយ៉ាងហោច៨នាក់ បានបាត់បង់ជីវិត ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥។

មនុស្សរាប់ម៉ឺននាក់ ត្រូវជាប់ក្នុងផ្ទះ ឬរត់ភៀសខ្លួនគេចពីទឹកជំនន់ ដែលបានឡើងខ្ពស់កប់ដំបូលរថយន្ត និងហួសដំបូលផ្ទះ នៅតាមតំបន់ក្នុងទីក្រុង Thai Nguyen ដែលស្ថិតនៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីភាគខាងជើងរដ្ឋធានីហាណូយ។ មនុស្សយ៉ាងហោច៨នាក់ បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ និងគ្រោះបំណាក់ដី នៅតំបន់ភាគខាងជើងប្រទេសវៀតណាម គិតចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ ហើយ៥នាក់ផ្សេងទៀតបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ខាងលើ គឺបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនាំមកដោយព្យុះទីហ្វុង Matmo ដែលបានថយចុះឥទ្ធិពល កាលពីថ្ងៃចន្ទ អំឡុងពេលឆ្ពោះមករកវៀតណាម ប៉ុន្តែបានវាយប្រហារចំខ្លាំងលើភាគខាងជើងប្រទេស។ ការមកដល់នៃព្យុះ Matmo គឺត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ក្រោយព្យុះទីហ្វុងមួយទៀតឈ្មោះថា Bualoi បានបង្កគ្រោះទឹកជំនន់ពាសពេញវៀតណាម និងសម្លាប់​មនុស្សយ៉ាងហោច៥៦នាក់ រួមជាមួយការខូចខាតទ្រព្យសម្បត្តិ សរុបគិតជាទឹកប្រាក់លើសពី៧១០លានដុល្លារ៕