អ៊ុយក្រែននិងរុស្ស៉ី វាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ (Video inside)

08-10-2025 15:52

(កៀវ)៖ នាថ្ងៃពុធ ទី៨ ខែតុលា អាជ្ញាធរអ៊ុយក្រែននិងរុស្ស៉ី បានអះអាងថា ប្រទេសទាំងពីរ បានធ្វើការវាយប្រហារតាមផ្លូវអាកាស​ទៅវិញទៅមក កាលពីវេលាយប់កន្លងទៅ ជាហេតុនាំឱ្យមនុស្សសរុបយ៉ាងហោច៥នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

អភិបាលតំបន់ Belgorod របស់រុស្ស៉ី ដែលនៅជាប់ព្រំប្រទល់អ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៉ីល បានសម្លាប់​មនុស្ស៣នាក់ នៅភូមិ Maslova Pristan ដែលមានចម្ងាយ​ប្រហែល១៥គីឡូម៉ែត្រពីព្រំដែន។ លោកអភិបាល Vyacheslav Gladkov បានប្រាប់ថា ផ្នែកនៃអគារមួយខ្នងបានដួលរលំ ក្នុងការវាយប្រហាររបស់អ៊ុយក្រែន ហើយមនុស្ស៣នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈអាចនៅមានអ្នកដទៃទៀត ជាប់ក្រោមគំនរបាក់បែក។

ដោយឡែក ក្នុងថ្ងៃដដែលនេះ អាជ្ញាធរអ៊ុយក្រែន បានអះអាងថា ការវាយប្រហាររបស់រុស្ស៉ី លើទីក្រុង Kherson នៅភាគខាងត្បូង បានផ្តាច់ជីវិតមនុស្សវ័យចំណាស់២នាក់។ កងទ័ពអាកាសអ៊ុយក្រែន បានប្រាប់ថា រុស្ស៉ីបានបាញ់ដ្រូនយ៉ាងហោច១៨៣គ្រឿង មករកទឹកដីរបស់អ៊ុយក្រែន កាលពីចន្លោះយប់ជ្រៅថ្ងៃអង្គារ និងវេលាទាបភ្លឺថ្ងៃព្រហស្បតិ៍។ រីឯក្រសួងការពារជាតិរបស់រុស្ស៉ី បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ស្កាត់ដ្រូនអ៊ុយក្រែន៥៣គ្រឿង កាលពីវេលាយប់កន្លងទៅ ភាគច្រើននៅលើតំបន់ Belgorod។

គួរបញ្ជាក់ថា តំបន់ Belgorod គឺជាគោលដៅញឹកញាប់ នៃការវាយប្រហារតបតតាមអាកាសរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី។ ទាំងរុស្ស៉ីនិងអ៊ុយក្រែន សុទ្ធតែបានបដិសេធដូចគ្នាថា ខ្លួនមិនបានកំណត់គោលដៅលើជនស៉ីវិលឡើយ៕