យ៉ាងហោចណាស់២០នាក់ស្លាប់ ក្នុងការវាយប្រហារដោយយន្តហោះប៉ារ៉ាម៉ូទ័ររបស់របបសឹកមីយ៉ាន់ម៉ា
08-10-2025 18:54
(យ៉ាងហ្គន)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវបានសម្លាប់ នៅពេលដែលរបបសឹកមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះឆ័ត្រយោង ឬប៉ារ៉ាម៉ូទ័រ (Paramotor) ទម្លាក់គ្រាប់បែកទៅលើការជួបជុំក្នុងពិធីបុណ្យមួយ នៅក្នុងតំបន់សាហ្គាំង (Sagaing) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សាក្សីម្នាក់ដែលរងរបួសបានរៀបរាប់ថា គាត់បានឮសំឡេងស្លាបកង្ហាររបស់យន្តហោះប៉ារ៉ាម៉ូទ័រ មុនពេលគ្រាប់បែកត្រូវបានទម្លាក់។ តួលេខអ្នកស្លាប់នេះ ត្រូវបានបញ្ជាក់ដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងក្រុមប្រដាប់អាវុធក្នុងតំបន់។ ហេតុការណ៍នេះគឺជាភស្តុតាងចុងក្រោយដែលបង្ហាញថា យោធាមីយ៉ាន់ម៉ាកំពុងពង្រីកការប្រើប្រាស់អាវុធផ្លូវអាកាស នៅក្នុងសង្គ្រាមស៊ីវិល។
យោងតាមក្រុមអ្នកវិភាគ របបសឹកបានចាប់ផ្តើមប្រើប្រាស់យន្តហោះប៉ារ៉ាម៉ូទ័រ ដែលអាចផ្ទុកទាហានរហូតដល់ ៣នាក់ដើម្បីវាយប្រហារ ចាប់តាំងពីចុងឆ្នាំ២០២២មក ហើយបានប្រើប្រាស់វាកាន់តែទូលំទូលាយ ជាពិសេសនៅតំបន់ដែលកម្លាំងប្រឆាំងមានសម្ភារៈយោធាតិចតួច។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិ និងការបះបោរប្រដាប់អាវុធទូទាំងប្រទេស ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត។ របបសឹកកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងផ្លូវអាកាស ដោយបានធ្វើការវាយប្រហារចំនួន ១,១៣៤លើក ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំនេះ ដែលជាតួលេខកើនឡើងខ្ពស់បើធៀបនឹង ១៩៧លើកក្នុងឆ្នាំ២០២២ និង ៦៤០លើកក្នុងឆ្នាំ២០២៣៕